(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្នុងយន្តការនៃការចាត់តាំង និងតែងតាំងមន្រ្តី គឺត្រូវពិនិត្យបច្ច័យ និងជ្រើសរើសយកមន្ត្រីដែលមានសមត្ថភាព មានចរិកការងារច្បាស់លាស់ក្នុងការដឹកនាំ និងប្រកបទៅដោយក្រមសីលធម៌ក្នុងការដឹកនាំ។

លោកថា «ប្រសិនបើកន្លែងមួយ អង្គភាពមួយ មានថ្នាក់ដឹកនាំដែលពោពេញទៅដោយសមត្ថភាព ចរិកការងារច្បាស់លាស់ និងមានក្រមសីលធម៌ច្បាស់លាស់ គឺកន្លែងនោះ ឬអង្គភាពនោះ នឹងទទួលបានប្រសិទ្ធិភាពការងារ ខ្ពស់»

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការសាលាខេត្តកំពត នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តធ្វើឡើងនៅសាលាខេត្តកំពត ដោយមានការចូលរួមជាអធិបតីផងដែរពីលោកបណ្ឌិតសាស្ត្រាចារ្យ ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត និងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកអភិបាលខេត្ត បានបន្តថា «គ្រប់ការងារដែលមានការចាត់តាំងក្នុងអណត្តិ របស់លោកផ្ទាល់ គឺផ្តោតសំខាន់ទៅលើអ្នកដែលមានសមត្ថភាព ហើយអ្នកមានសមត្ថភាព គឺត្រូវតែទទួលបានការតែងតាំង និងផ្តល់តួនាទីជូន ដើម្បីចូលរួមក្នុងការដឹកនាំ។ ប្រសិនបើអ្នកដែលមានលទ្ធភាព តែពុំមានសមត្ថភាព គឺមិនអាចទទួលបាននូវការចាត់តាំង ដែលជាអំណាចរដ្ឋ និងអំណាចបក្សបានដាច់ខាត និយាយជារួមគឺមិនអាចយកលុយមកទិញ តួនាទីបាននោះទេ»

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពត បានតែងតាំង សម្រួល និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពត ចំនួន ២៥រូប ក្នុងនោះ ស្រី៥រូប៕