(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ។
ក្នុងកិច្ចប្រជុំនេះ លោកស្រី ឱ វណ្ណឌីន បានរំលឹកឡើងវិញនូវអ្វីដែលគណៈកម្មការចំពោះកិច្ចសម្រេចបាន លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយអនុវត្តតាមអនុសាសន៍ចង្អុលបង្ហាញផ្ទាល់ដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
លោកស្រី ឱ វណ្ណឌីន បានអះអាងថា ដោយអនុវត្តតាមអភិក្រម ផ្ការីក របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី គណៈកម្មការចំពោះកិច្ច បានចាត់ចែងបែងចែកវ៉ាក់សាំង ផ្ដើមចេញពីតំបន់ដែលប្រឈមខ្លាំងដែលកាលនោះ មាននៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ក្រោយមកបានចែកចាយបន្ដទៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។ ការណ៍នេះហើយទើបអាចធានាបាននូវភាពស៉ាំសហគមន៍ រហូតធ្វើឲ្យកម្ពុជា អាចយកឈ្នះលើសមរភូមិកូវីដ១៩ និងឈានដល់ការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ។
ក្រោយចប់ការធ្វើបទបង្ហាញនានារបស់មន្ដ្រីជំនាញ លោកស្រី ឱ វណ្ណឌីន ក៏បានប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលជូនមន្ដ្រី និងអ្នកពាក់ព័ន្ធ ព្រមទាំងបណ្ដាសារព័ត៌មាន ដែលបានចូលរួមចំណែកលើការងារផ្សព្វផ្សាយ និងបញ្ច្រៀបការយល់ដឹងអំពីគុណតម្លៃនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅកាន់ប្រជាពលរដ្ឋ។
ក្នុងនោះ បណ្ដាញព័ត៌មាន Fresh News ក៏ទទួលបានប័ណ្ណសរសើរពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ដែលបានចូលរួមចំណែកផ្សព្វផ្សាយព័ត៌មាន ស្ដីពីកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។
សូមរំលឹកថា ដោយមានការយកចិត្តទុកដាក់ ផ្តល់អទិភាពខ្ពស់លើសុខភាព និងសុខុមាលភាពរបស់ប្រជាជន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេច បង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១៕