(ភ្នំពេញ)៖ លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ទទួលបានប័ណ្ណសរសើរពី គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ដែលបានចូលរួមចំណែកផ្សព្វផ្សាយព័ត៌មាន ស្ដីពីកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
ក្នុងប័ណ្ណសរសើរដែលចុះហត្ថលេខាដោយលោកស្រីី ឱ វណ្ណឌីន ប្រធាន គ.វ.ក-១៩ បានបញ្ជាក់យ៉ាងដូច្នេះថា «ជូនចំពោះឯកឧត្តម លឹម ជាវុត្ថា ដែលបានរួមចំណែកយ៉ាងសកម្មប្រកបដោយភាពទទួលខុសត្រូវខ្ពស់ លើការងារផ្សព្វផ្សាយព័ត៌មានស្ដីពីកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលជាការចូលរួមចំណែកធ្វើឲ្យសម្រេចបានដោយជោគជ័យ នូវការស្រោចស្រពវ៉ាត់សាំងកូវីដ-១៩ ជូនប្រជាជនកម្ពុជា និងជនបរទេស ដែលកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយទឹកចិត្តស្មោះស្ម័គ្រ និងការលះបង់ខ្ពស់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយតតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបើកដំណើរការសេដ្ឋកិច្ច និងសង្គមជាធម្មតាក្នុងប្រក្រតីភាពថ្មីពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន»។
គួរជម្រាបថា ពាក់ព័ន្ធជាមួយបេសកកម្មចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះបណ្ដាញព័ត៌មាន Fresh News តែងតែបានធ្វើការផ្សព្វផ្សាយជាប់ជាប្រចាំអំពីចំនួនតួលេខ និងសារជំរុញសំខាន់ៗជាច្រើនទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគណៈកម្មការចំពោះកិច្ច ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន។
ក្រៅពីការផ្សព្វផ្សាយ អ្នករាយការណ៍ព័ត៌មានរបស់ Fresh News ក៏តែងចុះតាមយកព័ត៌មានដោយផ្ទាល់រាល់គ្រប់សកម្មភាពរបស់គណៈកម្មការចំពោះកិច្ច នៅទូទាំងប្រទេស ដើម្បីផ្ដិតយកនូវខ្លឹមសារព័ត៌មានសំខាន់ៗ ពាក់ព័ន្ធយុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីធ្វើការផ្សព្វផ្សាយជូនសាធារណៈ ក្នុងនោះ មានទាំងសារអំពាវនាវ ជំរុញ ក្រើនរំលឹករបស់មន្ដ្រីសុខាភិបាលផងដែរ៕