(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានជំរុញឲ្យក្រុមគ្រូពេទ្យទាំងអស់ត្រូវពង្រឹងវិជ្ជាជីវៈ និងយកចិត្តទុកដាក់ពង្រឹង និងបង្កើនចំណេះដឹងបច្ចេកទេសបន្តជាប្រចាំ ដើម្បីសន្សំក្រេឌីតក្នុងការបន្តអាជ្ញាបណ្ណវិជ្ជាជីវៈ នឹងមានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់វិជ្ជាជីវៈ។
ការជំរុញបែបនេះរបស់លោក គុជ ស៊ីថា បានធ្វើឡើងនៅក្នុងពិធីទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវិជ្ជាជីវវជ្ជសាស្ត្របន្ត លើកទី១០ នៅខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ ២០២៣។ ពិធីនេះមានការចូលរួមពីលោក លោកស្រី ដែលជាវេជ្ជបណ្ឌិត មកពីក្រសួងសុខាភិបាលនិងលោក លោកស្រី ដែលជាវេជ្ជបណ្ឌិត គ្រូពេទ្យនៅតាមបណ្តាស្រុក ក្រុងក្នុងខេត្តស្វាយរៀងផងដែរ។
លោកវេជ្ជបណ្ឌិត គុជ សុីថា បានបន្តថា ការរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈ វិជ្ជាជីវវេជ្ជសាស្ត្របន្ត លើកទី១០ នៅខេត្តស្វាយរៀង ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់លោកគ្រូ អ្នកគ្រូពេទ្យជាសមាជិកគណៈគ្រូពេទ្យទាំងអស់ដែលបានចូលរួមនាពេលនេះ។
លោកវេជ្ជបណ្ឌិត បានលើកឡើងថា ខេត្តស្វាយរៀង មាន៨ស្រុក ក្រុង ៨០ឃុំសង្កាត់ ៦៩០ភូមិ ប្រជាពលរដ្ឋសរុប ៦៦៣,៩៦៦នាក់ (ស្ត្រី៣៣៨,១៣៦ នាក់) មានស្រុកប្រតិបត្តិចំនួន៤ មន្ទីរពេទ្យខេត្ត១ មន្ទីរពេទ្យបង្អែក៥ មណ្ឌលសុខភាព៤៨ និងប៉ុស្តិ៍សុខភាព២។ មន្ត្រីសុខាភិបាលកំពុងបម្រើការងារសរុប ៨៤០នាក់ (ស្ត្រី៤២០នាក់)។ សេវាសុខាភិបាលឯកជនមាន មន្ទីរសម្រាកព្យាបាលចំនួន ១៧ កន្លែង, បន្ទប់ពិគ្រោះព្យាបាលជំងឺ១១៨ កន្លែងបន្ទប់ ពិគ្រោះមាត់ធ្មេញ ១៤ កន្លែង, បន្ទប់ថែទាំ ៣៥៦កន្លែង បន្ទប់ពិនិត្យស្ត្រីមានផ្ទៃពោះ ១១១កន្លែង, ឱសថស្ថាន-ឱសថស្ថានរង ៥៤កន្លែង។
លោកវេជ្ជបណ្ឌិត គុជ ស៊ីថា បានបញ្ជាក់ថា កត្តាគន្លឹះនាំឱ្យសម្រេចបានសមិទ្ធិផលវិស័យសុខាភិបាលនៅខេត្តស្វាយរៀង នាពេលនេះ គឺការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ពង្រឹងការគ្របដណ្តប់នៃការផ្តល់សេវាមានគុណភាព។ វឌ្ឍនភាពនៃវិស័យផ្សេងទៀត ក៏បានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាព ក្នុងវិស័យសុខាភិបាលផងដែរ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា កត្តាចំបងដទៃទៀតរួមមានស្មារតីនៃការទទួលខុសត្រូវរបស់ថ្នាក់ ដឹកនាំ មន្ត្រីរាជការ-បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ បានខិតខំបំពេញភារកិច្ចរបស់ខ្លួន ការឧបត្ថម្ភគាំទ្រ និងកិច្ចសហការ ល្អពីរដ្ឋបាលមូលដ្ឋាន និងស្ថាប័នពាក់ពន្ធ័ ការចូលរួមពីសហគមន៍ និងផ្នែកឯកជន ការគាំទ្រថវិកា និងបច្ចេកទេសពី រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។
លោកវេជ្ជបណ្ឌិតបានបន្តថា ទិសដៅឆ្នាំ២០២៣ និងពង្រឹងបង្កើនការសំរាលកូនដោយឆ្មបជំនាញ ពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងសេវាថែទាំទារកក្រោយសម្រាល ពង្រីកសេវាផ្តល់មធ្យោបាយពន្យាកំណើត បង្កើនអត្រាគ្របដណ្ដប់នៃការផ្តល់ថ្នាំបង្ការ ពង្រឹងការកែលម្អគុណភាពសេវាតាមមន្ទីរពេទ្យ និង មណ្ឌលសុខភាព ផ្តោតលើការព្យាបាលជំងឺឆ្លង និងជំងឺមិនឆ្លងរ៉ាំរ៉ៃ ព្រមទាំងបង្កើនប្រសិទ្ធភាពអន្តរាគមន៍សុខភាពសាធារណៈ។
ពង្រឹងការជួយសង្គ្រោះជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ។ បន្តពង្រឹងប្រពន្ធ័សុខាភិបាលដូចជាពង្រីកហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ មណ្ឌលសុខភាព-ប៉ុស្តិ៍សុខភាព (ក្នុងនោះមានមន្ទីរពេទ្យបង្អែក ស្រុករំដួល១ខ្នង មណ្ឌលសុខភាព២ខ្នង (ឃុំគគីរ និងឈើទាលទើបតែសម្ពោធដាក់ឲ្យដំណើរការនាពេលថ្មីៗនេះ ចំណែកឯមណ្ឌល សុខភាពសំឡី ស្រុកកំពង់រោទិ៍ និងមណ្ឌលសុខភាពសំបួរស្រុករមាសហែក ក្រសួងសុខាភិបាលកំពុងតែដំណើរការសាងសង់)។ ពង្រឹងមូលនីធិសមធម៌ និងបេឡាជាតិរបបសន្តិសុខសង្គម។ ពង្រឹងការគ្រប់គ្រងវិស័យឯកជន និងក្រមសីលធ៌មវិជ្ជាជីវៈ និងបន្តពង្រឹងកិច្ចសហការល្អជាមួយស្ថាប័នពាក់ពន្ធ័ ក៏ដូចជាដៃគូអភិវឌ្ឍន៍ផងដែរ៕