(កណ្ដាល)៖ សាខាគយ និងរដ្ឋាករខេត្តកណ្ដាល សហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន បានដុតកម្ទេចចោលសាច់បង្កក សរុបចំនួន១៤តon ក្រោយចាប់បានជាបន្តបន្ទាប់។ ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដឹកនាំដោយលោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល។
លោក អន ស៊ីនួន បានឱ្យដឹងថា សាច់បង្កកទាំងដែលចាប់បានរួមមាន៖ សាច់ត្រីប្រាបង្កកចំនួន ២៤៨ដុំ ទម្ងន់ ៤,៩៦០គីឡូក្រាម, សាច់ក្រពើបង្កកចំនួន ២០០ កេស ទម្ងន់ ៤,០០០គីឡូក្រាម និងត្រចៀកជ្រូកបង្កកចំនួន ៣០០កេស ទម្ងន់ ៣,០០០ គីឡូក្រាម ដែលលួចនាំចូល ដោយមិនមានបញ្ជាក់ពីប្រភពដើមទំនិញ និងមិនមានកាលបរិច្ឆេទប្រើប្រាស់ និងជើងជ្រូកបង្កកចំនួន ១២៤កាតុង ទម្ងន់ ២,០៤២.៤០គីឡូក្រាម ដែលលួចនាំចូលហួស កាលបរិច្ឆេទប្រើប្រាស់ នៅទីតាំងមួយកន្លែង ស្ថិតនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល។
លោកបានអះអាងថា សាច់បង្កកទាំងនេះត្រូវបានឈ្មួញខិលខូចលួចនាំចូលមក ហើយត្រូវបានកម្លាំងការិយាល័យគយ និងរដ្ឋាករជ្រៃធំ និងកម្លាំងចល័តនៃសាខាគយ និងរដ្ឋាករខេត្តកណ្តាល ស្ទាក់ចាប់និងបង្ក្រាបបាន ក្នុងភូមិសាស្ត្រនៃខេត្តកណ្តាល។
លោកបញ្ជាក់ទៀតថា ការដុតកម្ទេចចោលនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងសមាសភាពចង្រៃ និងធានាសុវត្ថិភាពចំណីអាហារ សំដៅការពារ និងលើកកម្ពស់សុខភាពសាធារណៈ។
លោកបានអំពាវនាវអ្នកនាំចូលទាំងអស់ ពិសេសអ្នកនាំចូលសាច់មេត្តានាំចូលដោយគោរពច្បាប់ សូមមេត្តាកុំគេចពន្ធកុំនាំចូលសាច់ដែលគ្មានការវេចខ្ចប់ត្រឹមត្រូវតាមគោលការណ៍អនាម័យ មិនមានផ្លាកសញ្ញា ដែលបញ្ជាក់ពីប្រទេសដើមកំណើត ឬហួសកាលបរិច្ឆេទប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផង និងនាំឱ្យបាត់បង់ចំណូលថវិកាជាតិផង៕