(កំពង់ធំ)៖ បទបង្ហាញច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅសាលប្រជុំសាលាស្រុកស្ទោង នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ បានរៀបចំឡើងក្រោមវត្តមានលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង លោក ជា វ៉ាន់ចាន់ សមាជិកក្រុមប្រឹក្សាខេត្ត លោក ព្រឹម រដ្ឋា អភិបាលស្រុក ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានតាមភូមិ-ឃុំ នានាចំនួន៨០នាក់ ក្នុងនោះស្រី២៥នាក់ផងដែរ។

ការរៀបចំកម្មវិធីនេះ ដើម្បីឲ្យមានការយល់ដឹងអំពីច្បាប់ខាងលើបម្រើដល់ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ ឲ្យមានប្រសិទ្ធភាព និងតម្លាភាព។ លោក គង់ វិមាន បានលើកឡើងថា បងប្អូនត្រូវឲ្យយល់អំពីច្បាប់ និងនីតិវិធីឲ្យបានច្បាស់លាស់ក្នុងផ្នែកនីមួយៗរួមមាន ទី១-ដំណាក់កាលមុន ការបោះឆ្នោត មានការចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោត ប្រព័ន្ធបោះឆ្នោត និងការបែងចែកអាសនៈ  ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈ្មោះបោះឆ្នោត ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍។ ទី២-ដំណាក់កាលនៃការបោះឆ្នោត មានការរៀបចំការគ្រប់គ្រងនិងការប្រព្រឹត្ត ទៅនៃការបោះឆ្នោត ការបិទការិយាល័យបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រមូលប្រគល់ទទួលសម្ភារបោះឆ្នោតការប្រកាសលទ្ធផល បណ្តោះអាសន្ន នៃការបោះឆ្នោត និងការបិទការិយាល័យបោះឆ្នោត ក្នុងគ្រាមានអាសន្ន។ ទី៣-ដំណាក់កាលក្រោយបោះឆ្នោតមានការ ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ និងការបោះឆ្នោតឡើងវិញ។

លោក គង់ វិមាន បានផ្តាំផ្ញើដល់អ្នកចូលរួមឲ្យខិតខំកសាងតែអំពើល្អ ទៅដល់មូលដ្ឋានឲ្យបានច្រើនជាពិសេស ត្រូវយកអភិក្រមទាំងបួន របស់សម្តេចមកធ្វើជាកញ្ចក់ឆ្លុះ ខិតខំប្រឹងប្រែងស្តាប់គ្រូឧទ្ទេសសម្រាប់ យកទៅអនុវត្តនៅតាមមូលដ្ឋានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ បានយល់ពីការបោះឆ្នោត និងជួយជំរុញប្រជាពលរដ្ឋទៅ ចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នានៅពេលខាងមុខ។ លោកបានជួយឧបត្ថម្ភ នូវថវិកា៥០ម៉ឺនរៀល ក្នុងវគ្គបណ្តុបណ្តាលនេះផងដែរ៕