(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ដាំ ដារីនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកសិល្បះ និងកីឡា នៃយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ តំណាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោធីតា (TYDA) ចុះសួរសុខទុក្ខ ព្រមទាំងនាំអំណោយ ថវិកា១០លានរៀល និងចំណាយលើការព្យាបាលទាំងអស់លោកគ្រូតាគុនល្បុក្កតោខ្មែរ ស៊ាន គឹមសៀន ដែលកំពុងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ព្រះកុសម:)។
នាឱកាសនោះ លោកជំទាវបណ្ឌិត ដាំ ដារីនី ក៏បានពាំនាំការសាកសួរសុខទុក្ខ សេចក្តីនឹករលឹក ការយកចិត្តទុកដាក់បំផុតពី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់រក្សាជូនលោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន ឱ្យមានជន្មាយុយឺនយូរ ឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញដើម្បីបន្តស្នាដៃជូនកូនចៅជំនាន់ក្រោយ។
លោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន គឺជាស្ថាបនិកគុនល្បុក្កតោ ដែលបានធ្វើឱ្យគុនល្បុក្កតោរស់ឡើងវិញ និងមានការរីកចម្រើន។ តាមរយៈការជ្រោមជ្រែងពីលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំជាច្រើនទៀត អង្គការយូណេស្កូបានអនុម័តយល់ព្រមចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារុក។ លោកគ្រូព្រឹទ្ធាចារ្យ បានធ្លាក់ខ្លួនឈឺចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ បច្ចុប្បន្ននេះ គាត់បានធូរស្រាលគ្រាន់បើ និងចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ។
នាឱកាសនោះលោកគ្រូព្រឹទ្ធាចារ្យ ស៊ាន គឹមសៀន និងក្រុមគ្រួសារ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបុត្រា បុត្រី ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃកម្ពុជា នីតិកាលទី ៧នៃរដ្ឋសភា បន្ដដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ៕