(ព្រះវិហារ)៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមការងារស្រះ និងទឹកស្អាតកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោក អ៊ុយ សំអាត នាយក​ នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា រួមជាមួយ លោកស្រី ចឹក ហេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញចុះប្រគល់អណ្តូងទឹកប្រភេទអាហ្រ្វីដេសចំនួន១១ ជំហានទី៣ ឆ្នាំ២០១៦ ដែលមានលេខរៀងពី ១២៦ ដល់១៣៦ មានជម្រៅជាមធ្យម ២៨ ម៉ែត្រ កម្ពស់ទឹកជាមធ្យម ៦ម៉ែត្រ ធាទឹកជាមធ្យម ៤ ម៉ែត្រគីប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ ១៧៩ គ្រួសារ ស្មើនឹងមនុស្ស ៨៩៥នាក់ រស់នៅភូមិទាំង៤ នៃឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។

នាឱកាសអបអរសាទរពិធីសម្ពោធសមិទ្ធផលថ្មីនេះលោក អ៊ុយ សំអាត  បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់ឱ្យក្រុមការងារចុះភ្លាមៗ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនឱ្យពួកគាត់រង់ចាំយូរឡើយ។

លោក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមចំណែកទាំងអស់គ្នា ថែរក្សាអណ្តូងនេះ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីទុកទទួលទានផង។ ជាមួយគ្នានោះ ប្រជាពលរដ្ឋចំនួន ៧០នាក់ ដែលអញ្ជើញចូលរួមក្នុងពិធីនេះ ទទួលបានអំណោយក្នុងម្នាក់ៗ សារុង១ និងក្រមា១ផងដែរ។

ទន្ទឹមនឹងនោះ បងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយផ្តល់អណ្តូង ទឹកដល់ពួកគាត់ បានប្រើប្រាស់គ្រប់គ្រាន់ក្នុងការទទួលទាន ឬបង្កបង្កើនផលនានា ដោយមិនពិបាកទៅយកទឹកនៅទីឆ្ងាយដូចមុនទៀតឡើយ៕