(កណ្តាល)៖ ក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ បានកោះហៅក្រុមអាជីវករ ជីករណ្តៅដី និងលក់ស៊ីខ្សាច់ ទាំងអស់ទូទាំងខេត្ត កណ្តាល មកធ្វើការផ្សព្វផ្សាយ និងណែនាំនូវគោលការណ៍របស់ក្រសួង ដែលបានកំណត់ ក៏ដូចជាផ្សព្វផ្សាយពីច្បាប់ចរាចរផ្លូវគោក និងផ្លូវទឹកផងដែរ។ ក្នុងពិធីនេះដែរត្រូវបានប្រព្រឹត្តទៅក្រោមវត្តមាន លោក ហេង ចាន់ធួង អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ឃឹម ចាន់គីរី អភិបាលរងទទួលបន្ទុកដោះស្រាយវិវាទ និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ ដែលត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកណ្ដាល។
ការប្រុំផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យក្រុមអាជីវករ ដែលប្រកបរបរជីករណ្តៅដី ដឹកដីលក់ និងក្រុមអ្នកបូមខ្សាច់ ឬបើកដេប៉ូខ្សាច់ ឲ្យគោរពច្បាប់ដែល ក្រសួងបានដាក់ឲ្យនោះ ក៏ដូចជាឲ្យគោរពច្បាប់ចរាចរផ្លូវគោក និងផ្លូវទឹក គោរពច្បាប់ក្រសួងរ៉ែ និងថាមពល។ ក្នុងឱកាសនោះដែរ លោក ហេង ចាន់ធួង បានថ្លែងទៅកាន់ក្រុមអាជីវករថា «បងប្អូនត្រូវគោរពច្បាប់ ដែលក្រសួងបានកំណត់ឲ្យ ទាំងជម្រៅ និងជើងទេ របស់រណ្តៅដី និងគម្លាតពីព្រំផងដែរ មិនត្រូវដាក់ដីលើស បង្កឲ្យធ្លាក់ហៀរពេញផ្លូវ ធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរ តាមផ្លូវសាធារណ បើបងប្អូនមិនគោរពតាមការណែនាំនោះ ប្រសិនបើក្រសួងពិនិយ្យឃើញថា ខុសលក្ខណៈបច្ចេកទេសមួយណា ក្រសួងនឹងចុះផ្អាកជាបណ្តោះអាសន្ន ឬឈានទៅបិតទាំងស្រុងតែម្តង»។ ជាមួយគ្នានោះដែរ លោក ឃឹម ចាន់គីរី អភិបាលរងខេត្តកណ្តាល បានលើកឡើងថា «ដើម្បីធ្វើដំណើរការអាជីវកម្មប្រកបទៅបានដោយរលូននោះ បងប្អូនត្រូវតែគោរពច្បាប់ទាំងអស់គ្នា និងចូលរួមសហការសមត្ថកិច្ចដែលឈរនៅលើដងផ្លូវ មិនត្រូវបង្កការលំបាក់ ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន នៅក្បែរផ្លូវដែលយើងដឹកចេញចូលនោះឡើយ ម្យ៉ាងវិញទៀតរថយន្ត មិនត្រូវប្រើរថយន្តខុសលក្ខណៈបច្ចេកទេសនោះទេ ដើម្បីចៀសវាងគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ»។ លោកបន្ដថា ហើយប្រសិនបើបងប្អូន មិនគោរពតាមការណែនាំពេលដែលសមត្ថកិច្ចរកឃើញ គឺនឹងឃាត់រថយន្តទុកជាបណ្តោះអាសន្ន។ បន្ថែមពីនេះលោក វ៉ែន សុវិន ស្នងការរងទទួលផែនចរាចរណ៍ និងសណ្តាប់ធ្នាប់ បានពន្យល់ដល់ក្រុមអាជីវករទាំងអស់ឲ្យបានជ្រាប ពីច្បាប់ចរាចរណ៍ និងលក្ខណៈបច្ចេកទេសរបស់រថយន្ត ព្រោះការមិនគោរពច្បាប់ចរាចរណ៍ វាបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួន ង ហើយធ្វើឲ្យខាតបងថវិកាគ្រួសារ។
លោកបញ្ជាក់ថា ចំពោះរថយន្តកែទ្រង់ខុសលក្ខណៈបច្ចេកទេស ក៏បង្កឲ្យកើតមានគ្រោះថ្នាក់ផងដែរ ដូច្នេះពេលនគរបាលត្រួតពិនិត្យរកឃើញនឹងចាប់ផាកពិន័យ ឬចាប់បញ្ជូនទៅតុលាការ ដូច្នេះបងប្អូនត្រូវគោរពច្បាប់ទាំងអស់គ្នា។ ដើម្បីជាការឆ្លើយតបនៅក្នុងនោះក្រុមអាជីវករ បានប្តេជ្ញាចិត្ត អនុវត្តន៍តាមការណែនាំនេះបានឲ្យខានតែបាន៕