Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប្រាយុទ្ធ៖ ប្រទេសថៃ នឹងរៀបចំការបោះឆ្នោតនៅឆ្នាំ ២០១៧ ទោះបីជាលទ្ធផលប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មី ចេញមកបែបណាក៏ដោយ

05-08-2016 15:12

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងនៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីថ្ងៃនេះថា ការបោះឆ្នោត សកលនៅក្នុងប្រទេសថៃ នឹងប្រព្រឹត្តទៅតាមកាលកំណត់នៅឆ្នាំ ២០១៧ បើទោះបីជាលទ្ធផលនៃការបោះឆ្នោត ប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យសប្តាហ៍នេះ ចេញមកបែបណាក៏ដោយ។ នេះបើតាមការ ចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា រយៈពេលជាងពីរឆ្នាំ ក្រោយកើតមានរដ្ឋប្រហារយោធា ទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពី តំណែងនាយករដ្ឋមន្ត្រីនោះ រដ្ឋាភិបាលយោធាបានកែសម្រួលរដ្ឋធម្មនុញ្ញជាថ្មី ដោយក្នុងនោះគេបានសង្កេតឃើញមាន ការរឹតបន្តឹងខ្លាំងលើអំណាចរបស់គណបក្សនយោបាយនានា ហើយជំនួសមកវិញនូវការបង្កើតឥទ្ធិពលយោធាក្នុង ជួរស្ថាប័នរដ្ឋធំៗ ដើម្បីឲ្យយោធាអាចដើរតួនាទីជាអ្នកអង្កេតមើល ការងាររបស់រដ្ឋាភិបាលស៊ីវិល ជាពិសេសដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ចតែម្តង។

ដូច្នេះការបោះឆ្នោត ធ្វើប្រជាមតិនៅថ្ងៃអាទិត្យ ខាងមុខនេះ គឺដើម្បីស្ទាបស្ទង់មើលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ទូទៅ ទៅលើច្បាប់ក្នុងរដ្ឋធម្មនុញ្ញថ្មី។ លោក ប្រាយុទ្ធ ក៏ធ្លាប់ចេញមុខបកស្រាយដែរកាលពីថ្ងៃពុធ កន្លងទៅនេះ ដោយឆ្លើយតបទៅនឹងការរិះគន់ និងទាមទាររបស់គណបក្សនយោបាយមួយចំនួន ឲ្យលោកលាលែងចេញពីតំណែង ភ្លាមៗប្រសិនបើការបោះឆ្នោតប្រជាមតិមិនបង្ហាញការគាំទ្រលើរដ្ឋធម្មនុញ្ញថ្មី ប៉ុន្តែលោកបានបញ្ជាក់រួចហើយថា ទោះលទ្ធផលចេញមកបែបណា ក៏លោកនឹងនៅកាន់តំណែងនេះរហូតដល់ ការបោះឆ្នោតធ្វើឡើងនៅឆ្នាំ ២០១៧៕