(ភ្នំពេញ)៖ លោកជំទាវឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា និងជាជំនួយការផ្ទាល់ ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានស្នើគោរមងារ «ឧកញ៉ា» ជូនដល់លោកជំទាវ។

លិខិតថ្លែងអំណរគុណរបស់លោកជំទាវឧកញ៉ា នួន ពេជ្រសុផល មានខ្លឹមសារដូច្នេះថា៖ «នាងខ្ញុំ និងស្វាមី ព្រមទាំងក្រុមគ្រួសារ សូមអនុញ្ញាតសម្តែងនូវសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសូមសម្ដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកឧកញ៉ាប្រធាន ដែលបានស្នើគោរមងារ «ឧកញ៉ា» ដល់រូបនាងខ្ញុំ ព្រមទាំងបានផ្ញើលិខិតអបអរសាទរដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតដល់ រូបនាងខ្ញុំ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា ដែលរូបនាងខ្ញុំ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់បង្កាប់ផ្តល់គោរមងារជា «ឧកញ៉ា»។

ការទទួលបាននូវការស្នើសុំគោរមងារ «ឧកញ៉ា» ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់ និងលិខិតអបអរសាទរនេះ គឺជាសក្ខីភាព ឆ្លុះបង្ហាញអំពីសមានចិត្តដ៏ថ្លៃថ្លា ការផ្តល់នូវសេចក្តីទុកចិត្ត និងការសណ្ដោសប្រណី របស់អ្នកឧកញ៉ាប្រធាន ដល់រូបនាងខ្ញុំ ក្នុងការចូលរួមចំណែកបំពេញភារកិច្ច និងការងារ នៅសភាពាណិជ្ជកម្មកម្ពុជាអស់រយៈជាង២១ឆ្នាំ ជូនអ្នកឧកញ៉ាប្រធាន។

នាងខ្ញុំសូមយកឱកាសនេះ សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះអ្នកឧកញ៉ាប្រធាន ដែលតែងតែយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ឱ្យសម្រេចបាន នូវសមិទ្ធផលយ៉ាងច្រើន និងជោគជ័យយ៉ាងត្រចះត្រចង់ ទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ព្រមទាំងការលើក ស្ទួយវិស័យឯកជន និងការកៀរគរការវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន និងប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភមង្គល និងវិបុលភាព ដែលស្ថិតនៅក្រោមម្លប់នៃសន្តិភាព។

ជាថ្មីម្ដងទៀត នាងខ្ញុំ និងស្វាមី ព្រមទាំងក្រុមគ្រួសារ សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាអភិបាលប្រោះព្រំ ជូនដល់ អ្នកឧកញ៉ាប្រធាន និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំងបុត្រាបុត្រី ជាទីស្រលាញ់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា សូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត និងសម្រេចសទ្ធិផលថ្មីៗ»៕