(មណ្ឌលគិរី)៖​ ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវ: សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ​ បានបើកសិក្ខាសាលាស្តីពីលក្ខខណ្ឌនៃការទទួលបានការលើកសរសើរសម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ដែលបានអនុវត្តតាមប្រកាសលេខ ០៨៦ ប្រកាសលេខ ១៩៤ និងសេចក្ដីណែនាំលេខ ០០៨ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងការបង្ការមេរោគអេដស៍ជំងឺអេដស៍នៅកន្លែងធ្វើការ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលសំដៅចូលរួមលើកកម្ពស់លក្ខខណ្ឌសុខភាព​ និងសុវត្ថិភាពការងារនៅកន្លែងធ្វើការនៅខេត្តមណ្ឌលគិរី។

លោក​ ណយ ច័ន្ទតារា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តមណ្ឌលគិរី​ បានថ្លែងថា កិច្ចខិតខំនិងការចូលរួម រួមគ្នាសំដៅឱ្យវិស័យការងារនៅខេត្តមណ្ឌលគិរីមានសុខភាពល្អដើរទៅមុខដោយរលូន។

លោកឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា ការពង្រឹងនូវចំណេះដឹងពីបញ្ហាគ្រឿងញៀនក្នុងវិស័យការងារជាការងារដែលជួយឱ្យមានសុខដុមនីយកម្មរវាង​ និយោជិត និងនិយោជក។

លោក​ ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក៏បានថ្លែងថា​ វគ្គសិក្ខាសាលានេះគឺដើម្បីពង្រឹងការចូលរួមឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ដើម្បីឈានឆ្ពោះទៅបញ្ចប់អេដស៍នៅឆ្នាំ២០២៥ ពង្រឹងចំណេះដឹង រៀបចំបណ្តាញក្រុមការងារអេដស៍​ និងគ្រឿងញៀនដល់គ្រឹះស្ថានក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ចែករំលែកវឌ្ឍនភាពព័ត៌មានទាក់ទងនឹងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ និងគ្រឿងញៀន ការចូលរួមរបស់គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្តក្នុងការអប់រំផ្សព្វផ្សាយបញ្ហាអេដស៍ និងគ្រឿងញៀនជាប្រចាំដល់កម្មករនិយោជិត។

ថ្លែងក្នុងនាមលោក​ អ៉ិត សំហេង លោក​ ហ៊ុយ ហានសុង ក៏បានថ្លែងអំណរគុណ កោតសសើរដល់ការចូលរួមពីភាគីពាក់ព័ន្ធក្នុងការអនុវត្តតាមខ្លឹមសារប្រកាស០៨៦ លេខ១៩៤ និងសេចក្តី ណែនាំ០០៨ និងវឌ្ឍនភាពនៃកាឆ្លើយតបទៅនឹងមេរោគអស៍ និងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការបានល្អ និងសូមបន្តរួមគ្នាដើម្បីដើរឆ្ពោះទៅដល់គោលដៅរួមរបស់ប្រទេសក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕