(សៀមរាប)៖ កិច្ចប្រជុំថ្នាក់លេខាធិការដ្ឋាននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (ASEAN-PAC) លើកទី១៩ នៅខេត្តសៀមរាប រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងផ្តល់នូវស្នាមញញឹមរាក់ទាក់ជាបងប្អូន ជាគ្រួសារ នៃស្ថាប័នប្រឆាំងអំពើពុករលួយទាំង១០ប្រទេស ។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកបណ្ឌិត អ៊ន បញ្ហា ជាសហប្រធាននៃកិច្ចប្រជុំ និងជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) តំណាងលោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន-ផេក។
កិច្ចប្រជុំនេះមានវត្តមានចូលរួមរបស់លោកស្រី Hasrina Suzanty Jamil ប្រធានផ្នែកកិច្ចការបរទេស នៃការិយាល័យប្រឆាំងអំពើពុករលួយនៃប្រទេសព្រុយណេដារ៉ូសាឡាម,លោកស្រី នៅ វត្តី ប្រធានការិយាល័យអន្ដរជាតិនៃអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា, លោក Budi Santoso អ្នកវិភាគការងារលុបបំបាត់អំពើពុករលួយនៃគណៈកម្មការលុបបំបាត់អំពើពុករលួយនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោកKhemphilath Sounthala អគ្គនាយករងនៃអាជ្ញាធរអធិការកិច្ចរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, លោកស្រី Nik Nurzai Binti Mohd Zainudin ប្រធានកិច្ចការបរទេស នៃគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី, លោក Htein Lin អគ្គនាយកនៃគណៈកម្មការប្រឆាំងអំពើពុករលួយមីយ៉ាន់ម៉ា លោកស្រី Michelle Villabesa មន្ដ្រីស៊ើបអង្កេត និងចោទប្រកាន់អំពើពុករលួយ នៃការិយាល័យអំប៊ូដស្មាន់ នៃប្រទេសហ្វីលីពីន លោក Lee Wei Kit អនុប្រធានការិយាល័យស៊ើបអង្កេតអំពើពុករលួយ នៃសាធារណរដ្ឋសិង្ហបុរី កញ្ញា Phurisuda Nilvan អគ្គលេខាធិការរង នៃគណៈកម្មការជាតិប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រថៃ និងលោក Vu Minh Thanh អនុប្រធានផ្នែកនៃអគ្គាធិការដ្ឋានរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន-ផេក បានផ្ដល់កិត្តិយសជាអធិបតី ថ្លែងសុន្ទរកថាបើកនៅក្នុងកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេកលើកទី១៩។ កិច្ចប្រជុំនេះបានអនុម័តនូវកំណត់ហេតុកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេកលើកទី១៨ ក្រោមអាណត្តិម្ចាស់ផ្ទះរបស់ការិយាល័យប្រឆាំងអំពើពុករលួយ (ACB) នៃប្រទេសព្រុយណេដារ៉ូសាឡាម។
កិច្ចប្រជុំនេះក៏បានពិភាក្សាលើការរៀបចំ និងតាក់តែងកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក (សកម្មភាពមួយនៅក្នុងផែនការសកម្មភាព ឆ្នាំ២០២៣-២០២៥) បែបបទនៃការដាក់សម្ពោធកូនសៀវភៅអេឡិកត្រូនិក និងបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយ (CAC) នៃប្រទេសទីម័រខាងកើត ដើម្បីចូលជាភាគីទី១១របស់អាស៊ាន-ផេក ក្រោយពេលដែលប្រទេសទីម័រខាងកើតទទួលបានសមាជិកភាពពេញសិទ្ធិជាសមាជិកទី១១ របស់អាស៊ាន។
កិច្ចប្រជុំបានស្ដាប់នូវបច្ចុប្បន្នភាពរាយការណ៍ដោយលេខាធិការដ្ឋានអាស៊ាន-ផេកស្ថិតក្រោមអាណត្តិជាម្ចាស់ផ្ទះរបស់អង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា អំពីសេចក្ដីសង្ខេបនៃសកម្មភាពពាក់ព័ន្ធជាមួយអាស៊ាន-ផេក ដែល អ.ប.ព. បានចូលរួមក្នុងនាមជាអាស៊ាន-ផេក និងការជម្រាបជូន អំពីការត្រៀមរៀបចំ របាយការណ៍សង្ខេបពាក់ព័ន្ធនឹងសកម្មភាពរបស់អាស៊ាន-ផេកសម្រាប់ផ្ញើជូនលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅមុនពេលបញ្ចប់អាណត្តិជាប្រធានរបស់ អ.ប.ព.។
អង្គប្រជុំឯកភាពរួមគ្នាបន្តដាក់របៀបវារៈដែលបានពិភាក្សាខាងលើ ដើម្បីយកទៅពិភាក្សា និងពិនិត្យសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេកលើកទី១៩ ក្រោមអាណត្តិជាប្រធានរបស់អាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២៣ ខាងមុខនេះ។
ប្រតិភូអាស៊ាន-ផេកសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានខិតខំប្រឹងប្រែងដឹកនាំក្នុងនាមជាប្រធានស៊ាន-ផេក និងអរគុណចំពោះការគាំទ្រដ៏ធំធេងពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់បដិសណ្ឋារកិច្ចដ៏កក់ក្ដៅជូនដល់ប្រតិភូទាំងអស់ផងដែរ៕