(បារីស)៖ រដ្ឋាភិបាលបារាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីទប់ទល់នឹងរលកកម្តៅ ដែលអាចឈានដល់កម្រិតកំពូលនៅចុងសប្តាហ៍នេះ។នេះបើតាមការិយាល័យរបស់នាយករដ្ឋមន្ត្រី លោកស្រី Elisabeth Borne បានប្រាប់ AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។

មន្ត្រីជាន់ខ្ពស់មកពីការិយាល័យនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល កសិកម្ម និងដឹកជញ្ជូន គ្រោងនឹងជួបប្រជុំនៅម៉ោង ៥ល្ងាចនាថ្ងៃព្រហស្បតិ៍នេះ។

ទីក្រុងប៉ារីសបានបង្កើនវិធានការ ដើម្បីការពារប្រឆាំងនឹងអាកាសធាតុក្តៅក្នុងរដូវក្តៅនេះ បន្ទាប់ពីប្រទេសនេះបានទទួលរង នូវរលកកម្តៅដ៏ក្តៅបំផុតមួយ និងភ្លើងឆេះព្រៃដ៏ខ្លាំងក្លាកាលពីឆ្នាំ២០២២។

នៅក្នុងប្រទេសបារាំងកាលពីរដូវក្តៅមុន មានមនុស្សជាង ៤,៨០០នាក់ ត្រូវបានគេសន្មតថាស្លាប់ដោយសារសីតុណ្ហភាពក្តៅខ្លាំង ក្នុងចំណោមអ្នកស្លាប់ចំនួន៦១,០០០នាក់ នៅទូទាំងទ្វីបអឺរ៉ុប។

អ្វី​ដែល​ហៅ​ថា «លំហ​កម្ដៅ» ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្កើត​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ដែលនាំមកនូវរលកកម្តៅពីភាគខាងត្បូង។ សេវាកម្មឧតុនិយម Meteo France បាននិយាយថា «សីតុណ្ហភាពខ្ពស់ទាំងនេះត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងជាមួយនឹងចំណុចកំពូលអាចឈានដល់ ៤០អង្សាសេនៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ និងជ្រលង Rhone ចាប់ពីចុងសប្តាហ៍នេះ»។

កំដៅក៏នឹងរាលដាលដល់ភាគកណ្តាល និងភាគខាងជើងប្រទេសបារាំងផងដែរ ដោយសីតុណ្ហភាពរំពឹងថានឹងឡើងដល់ ៣៥អង្សាសេនៅទីក្រុងប៉ារីស៕