(ព្រៃវែង)៖ លោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានថ្លែងណែនាំឱ្យគណៈកម្មាធិការ សាខា និងអនុគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុក ទាំងអស់នៃខេត្តព្រៃវែង ត្រូវចូលរួមពួតដៃគ្នាធ្វើការងារមនុស្សធម៌មួយនេះបន្ថែមទៀត សម្រាប់ធ្វើការឆ្លើយតបដល់បងប្អូនប្រជាពលរដ្ឋដែលគ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ទៅតាមមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែខ្លាំងឡើង។
លោក ជា សុមេធី បានឡើងឡើងយ៉ាងដូចនេះ នៅរសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលសកម្មភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងរយៈពេល ៧ ខែ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត និងពិធីប្រគល់ទទួលថវិការវិភាគទាន អបអរខួបលើកទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៣ ក្រោមប្រធានបទ៖ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបណ្ណសង្គម។
នាឱកាសនោះលោក ជា សុមេធី ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលជានិច្ចកាលសម្ដេច និងឯកឧត្តម តែងតែជួយឧបត្ថម្ភគាំទ្រនៅថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសម្រាប់ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ក្នុងការងារបម្រើមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ នៅក្នុងខេត្តព្រៃវែងនេះ។
លោកប្រធានគណៈកម្មាធិការ សាខា បានបន្ថែមទៀតថា ចំពោះការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ក៏ដូចជាអនុសាខាកាកបាទក្រហមម្ពុជា ក្រុង ស្រុក ទាំងអស់ គឺបាននឹងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ជួបទុក្ខលំបាក ជាវិសេស គ្រួសារ រងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីធ្វើការឆ្លើយតបនៅបញ្ហា ដែលគាត់ជួបប្រទះនោះបានទាន់ពេលវេលា។
លោកប្រធានគណៈកម្មាធិការសាខា ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខា ក្រុង ស្រុក ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត របស់កាកបាទក្រហមកម្ពុជាទាំងអស់បានចូលរួមពួតដៃគ្នា យ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងធ្វើការងារមនុស្សធម៌មួយនេះ បានទទួលជោគជ័យ ល្អប្រសើររយៈពេលកន្លងមកនេះ។
បើតាមលោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ សាខាខេត្ត និងអនុសាខាក្រុង-ស្រុក បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ សរុបបាន ចំនួន ៧៥៨គ្រួសារ/នាក់ ស្មើនឹង ១៤៦លើក។
សម្រាប់ជំនួយនេះមានដូចជា៖ រងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ សរុបចំនួន ២៤៥ គ្រួសារ/នាក់ ស្មើនឹង ៨៤លើក រងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ១៤៥ខ្នងផ្ទះ ស្មើនឹង ១៤៥គ្រួសារ(ធ្ងន់ធ្ងរ ៩៥ គ្រួសារ និងមធ្យម ៥០គ្រួសារ) ភ្លើងឆេះផ្ទះ ២៤ខ្នងផ្ទះ ស្មើនឹង ២៤គ្រួសារ រន្ទះបាញ់ស្លាប់ ៤នាក់ លង់ទឹកស្លាប់ ១០នាក់ ស្លាប់ដោយសារជំងឺ ១៧នាក់ គ្រោះថ្នាក់ចរាចរណ៍ ៧នាក់(ស្លាប់ ៤នាក់ និងរបួស ៣នាក់) បាក់ច្រាំងទន្លេ ៣៨ខ្នងផ្ទះ ស្មើនឹង ៣៨គ្រួសារ និងការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ សរុបចំនួន ៥១៣គ្រួសារ ស្មើនឹង ៦២លើក គ្រួសារក្រីក្រ ២៦៣គ្រួសារ ជនពិការ ២៤នាក់ កុមារកំព្រាដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ២០នាក់ ស្ត្រីមេម៉ាយ ៥គ្រួសារ ចាស់ជរាឥតទីពឹង ៧៥នាក់ អ្នកមានជំងឺ ១០២នាក់ ស្ត្រីសម្រាលកូន ៤នាក់ ស្ត្រីមានផ្ទៃពោះ ១៦នាក់ កុមារកំព្រា ៤នាក់ ការងារសុខុមាលភាពសង្គមបានប្រគល់ផ្ទះ ចំនួន ២៧ខ្នងផ្ទះ និងបង្គន់អនាម័យ ចំនួន ១៧បង្គន់។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៣ នេះសាខាកាកបាទក្រហមកម្ពុជាបានទទួលថវិកាសមាជិកភាព និងហឹបសង្គ្រោះឆ្នាំ ២០២៣ ពីមន្ទីរអង្គភាព អនុសាខា ក្រុង ស្រុក និងសប្បុរសជនបានចំនួន ២០០,២៨៥,០០០,០០រៀល និង ១៨១,១៨៥ដុល្លា៕