(ភ្នំពេញ)៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានចូលរួមអបអរសាទរ ដល់ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ដែលទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំប្រ៊ុយណេ ក្នុងជំនួបបើកឆាកពានរង្វាន់ AFF U23 Championship 2023 ដោយលទ្ធផល ៥ ទល់ ០ នៅកីឡដ្ឋានរយ៉ង ប្រទេសថៃ ។

សូមជម្រាបថា គ្រាប់បាល់ជ័យជម្នះ៥គ្រាប់ នៃការប្រកួតដំបូងរបស់ក្រុមគោព្រៃជំទង់កម្ពុជានេះ ធ្វើសម្រេចដោយកីឡាករ សរ រតនា នៅនាទីទី៦ មុនអ្នកចាំទីក្រុម U23 ប្រ៊ុយណេ ចាប់បាល់ក្រឡកភ្លាត់ចូលទី ១គ្រាប់ទៀត ក្នុងវគ្គទី១ ។ បន្ទាប់មកកម្ពុជា បានបន្ថែម ៣គ្រាប់ទៀត នៅវគ្គទី២ ដោយកីឡាករ សរ រតនា នៅនាទី៥០, កីឡាករ មាន ចាន់រិទ្ធ នៅនាទី៧៣ និងកីឡាករ អ៊ាន ពិសី នៅនាទី៩០ ។

ជ័យជម្នះនេះនាំឲ្យក្រុមជម្រើសជាតិ U23 កម្ពុជា ឈរកំពូលតារាងបណ្ដោះអាសន្ន មុនបន្ដការប្រកួតទី២ ក្នុងពូលA ដោយត្រូវជួបក្រុម U23 មីយ៉ាន់ម៉ា នាថ្ងៃទី១៩ ខែសីហា និងប្រកួតចុងក្រោយក្នុងពូល ត្រូវជួបក្រុមម្ចាស់ផ្ទះ U23 ថៃ នាថ្ងៃទី២១ ខែសីហាខាងមុខ ៕