(ភ្នំពេញ)៖ តាំងពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសចុះចេញពីតំណែងនាយករដ្ឋមន្ត្រី និងប្រគល់ឱ្យទៅ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្ត ក្រុមនិន្នាការឆ្វេងនិយម បានចេញសារនយោបាយជាច្រើនលើកច្រើនសារដោយលើកឡើងថា ពីភាពមិនស្របច្បាប់នៃការឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នៅអាណត្តិទី៧នេះដោយសារគណបក្សប្រជាជនកម្ពុជា មិនបានដាក់បេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧។ តើការលើកឡើងនេះ ត្រឹមត្រូវដែររទេ?
តាមពិត សម្រាប់អ្នកតាមដានស្ថានការបោះឆ្នោត និងនយោបាយនៅកម្ពុជាដែលមិនលំអៀង សារនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺច្បាស់ណាស់ថា គណបក្សប្រជាជនកម្ពុជា មានបេក្ខភាពនាយករដ្ឋមន្ត្រីចំនួន២រូប សម្រាប់ការបោះឆ្នោតអាណត្តិទី៧។ ទី១ សម្តេចតេជោ ហ៊ុន សែន និងទី២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។ សារនេះ ត្រូវបានបញ្ជាក់ក្នុងវេទិការជាសាធារណៈ តាំងពីមុនយុទ្ធនាការឃោសនា បោះឆ្នោតមកម្ល៉េះ។
បន្ថែមពីនេះ មនុស្សទាំងអស់នៅកម្ពុជាមើលឃើញ និងឮពាក្យ «គាំទ្រសម្តេចតេជោហ៊ុន សែនបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រី» ដែលជាសារនយោបាយច្បាស់ៗពីគណបក្សប្រជាជនកម្ពុជា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ហើយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញបានយកសារទាំងនេះ ចេញឃោសនាតាំងពីយុទ្ធនាការឃោសនាថ្ងៃដំបូងរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត។
គិតមកដល់ពេលនេះ ព្រះមហាក្សត្របានចេញព្រះរាជសារតែងតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយគណរដ្ឋមន្ត្រីថ្មី នឹងត្រូវស្នើសុំសេចក្តីទុកចិត្តពីរដ្ឋសភានៅថ្ងៃទី២២ ខែសីហាខាងមុខនេះ ហើយល្ងាចថ្ងៃទី២២ គណៈរដ្ឋមន្ត្រីថ្មីនឹងចូលបំពេញតួនាទីរបស់ខ្លួន។
តើហេតុអ្វីមកដល់ពេលនេះហើយនៅតែមានសារនយោបាយ ដែលធ្វើឱ្យពលរដ្ឋក្នុងស្រុកមានភាពច្របូកច្របល់វិលវល់យ៉ាងដូចនេះ? ហើយហេតុអ្វីបានជាគ្រប់គូភាគីមិនព្រមទទួលស្គាល់ពីការឈ្នះចាញ់ដែលពលរដ្ឋខ្មែរជាអ្នកគូស?
គណបក្សប្រជាជនកម្ពុជា បានប្រកាសតាំងពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២១ មកម្លេះថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតដែលសម្រេចដោយមហាសន្និបាតគណបក្សប្រជាជនកម្ពុជា។ មួយវិញទៀតនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសពីបេក្ខភាពនាយករ្ឋមន្ត្រីចំនួន២រូប គឺសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានឈរឈ្មោះជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញផងដែរ។
យោងតាមច្បាប់ និងនីតិវិធីនៃការបង្កើតរដ្ឋាភិបាល គណបក្សឈ្នះឆ្នោតនឹងជ្រើសរើសឥស្សរជននយោបាយ១រូប ដើម្បីថ្វាយឱ្យព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រី។ មាត្រា១១៩ថ្មី២ បានចែងថា «តាមសេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រីឱ្យបង្កើតរដ្ឋាភិបាល។
សេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រី ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់ និងដែលត្រូវបានជ្រើសរើសចេញពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗនៅក្នុងរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតសេចក្តីទុកចិត្តត្រូវធ្វើលើសមាជិកគណៈរដ្ឋមន្ត្រីទាំងមូល។ កាលបើករដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយ នោះព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល...»។
នេះគឺជាទិដ្ឋភាពច្បាប់របស់កម្ពុជា ក្នុងការតែងតាំងនាយករដ្ឋមន្ត្រី។ បើតាមការអង្កេត ការចេញព្រះរាជសារតែងតាំងកាលពីពេលកន្លងមកគឺធ្វើឡើងត្រឹមត្រូវតាមផ្លូវច្បាប់។ ហេតុដូចនេះ ការរិះគន់ដែលមិនមានមូលដ្ឋានច្បាប់ជាក់លាក់ច្បាស់លាស់ នឹងនាំបង្ហាញឱ្យឃើញពីកំសោយរបស់អ្នករិះគន់តែប៉ុណ្ណោះ។ បើតាម មតិរិះគន់មួយ និងសាររិះគន់ គេអាចយល់បានថា ជាការឡាំប៉ាក្រោយការបោះឆ្នោតពីសំណាក់ក្រុមគណបក្សភ្លើងទានទៅវិញទេច្រើនជាងការលើកឡើងថាមិនត្រូវតាមផ្លូវច្បាប់។ ដ្បិតអីបក្សដែលចាស់វស្សាមួយនេះ ត្រូវបានផាត់ចេញពីការបោះឆ្នោតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ព្រោះតែខ្វះឯកសារផ្លូវការដើម។
សម្រាប់កម្ពុជាគិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជាឆ្លងកាត់ការបោះឆ្នោតចំនួន៧លើកជាប់ៗគ្នាឥតដាច់តាំពីឆ្នាំ១៩៩៣មក។ ការនេះ ល្មមឱ្យប្រជាពលរដ្ឋកម្ពុជា និងគណបក្សនយោបាយ ក្នុងប្រទេសទាំងអស់ចាស់ចិត្ត ចាស់គំនិត ហ៊ានទទួលស្គាល់លទ្ធផលផ្លូវការណ៍ដែលពលរដ្ឋខ្មែរ បានសម្រេចចិត្តជ្រើសរើសបក្សដែលពួកគាត់បានពេញចិត្ត និងចង់ឱ្យដឹកនាំបន្ត។ ក្នុងការបោះឆ្នោតលើកទី៧នេះ ម្ចាស់ឆ្នោតជាង ៨លាន២សែននាក់ បានបញ្ចេញមតិដែលស្មើជាង៨៤% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលមានជាង៩លាន៧សែននាក់។ ចំនួននេះ ច្រើនជាងការបោះឆ្នោត២០២២ជាង១លាននាក់ហើយបើទោះបីជាមានការញុះញង់មិនឱ្យពលរដ្ឋទៅបោះឆ្នោតពីសំណាក់អ្នកនយោបាយ ខ្មែរនៅក្រៅប្រទេសរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ ឬជាមេកើយចាស់របស់គណបក្សភ្លើងទៀនក្តី។
តាមរយៈព្រឹត្តិការណ៍នេះ យើងអាចយល់បានថា ពលរដ្ឋខ្មែរមានភាពចាស់ទុំនយោបាយដោយពលរដ្ឋ បានជ្រើសរើសវិធីប្រើប្រាស់សិទ្ធិនយោបាយតាមសន្លឹកឆ្នោត ជាជាងការធ្វើបាតុកម្មតវ៉ាតាមដងផ្លូវដូចកាលពីមុន។
ដូចនេះ ការបន្តធ្វើសកម្មភាពរិះគន់ លើកឡើងពីភាពមិនស្របច្បាប់របស់នាយករដ្ឋមន្ត្រីថ្មី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត វាគ្រាន់តែជារឿងនយោបាយពីសំណាក់ក្រុមប្រឆាំងនៅកម្ពុជាដែលគ្មានក្រឡាដើរតែប៉ុណ្ណោះ។ ក្នុងនាមជាអ្នកនយោបាយគួរតែតម្កល់ប្រយោជន៍ជាតិជាធំ សុខដុមរមនាសង្គមជាអាទិភាព ទោះនរណាឡើងកាន់អំណាច បក្សណាឡើងកាន់អំណាច ក្រុមណាឡើងកាន់អំណាច ក៏នៅតែជាខ្មែរដដែល។
ឆ្លងកាត់ការបោះឆ្នោតជាង៣០ឆ្នាំមកនេះ ពលរដ្ឋខ្មែរស្នើឱ្យអ្នកនយោបាយដែលមិនទាន់ទទួលបានការគាំទ្រគួរប្តូរវិធីសាស្ត្រស្វែងរកសំឡេងឆ្នោត បង្ហាញពីចំណុចខ្លាំងលើគោលនយោបាយរបស់ខ្លួនដើម្បីឱ្យពលរដ្ឋពេញចិត្តជាជាងការឡាំប៉ាក្រោយការបោះឆ្នោត។ វប្បធម៌នេះ ត្រូវបានអនុវត្តច្រើនអាណត្តិរួចមកហើយដែលមិនមានភាពចំណេញដល់សង្គមម្តងណាឡើយ មានតែបង្ហាញពីភាពអាប់អួរក្នុងសង្គមបែងចែងបក្សពួក ហើយបរទេសមើលងាយតែប៉ុណ្ណោះ។
ពលរដ្ឋខ្មែរដែលធ្លាប់ឆ្លងកាត់សម័យសង្គ្រាម ការបែកបាក់គ្នា ការហែកហួរផ្ទៃក្នុងពិតណាស់ចង់បានស្ថិរភាព ចង់បានការបន្តអភិវឌ្ឍ និងចង់បានសង្គមនីតិរដ្ឋ។ ពោលគឺ ចាញ់ដឹងចាញ់ ឈ្នះដឹងឈ្នះ មិនមែនប្រើប្រាស់សារបំភ្លៃនិយាយគ្មានហេតុផល និងផ្លូវច្បាប់សំអាងច្បាស់លាស់ ហើយអ្វីដែលធ្វើនេះវាហាក់ដូចជាលំអានចាស់ហួសឌឺឡេសម្រាប់ពលរដ្ឋខ្មែរសម័យទំនើបនេះទៅហើយ៕