(ភ្នំពេញ)៖ ដើម្បីចូលរួមចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍» សំដៅជំរុញនិងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍសម្បទាទេសចរណ៍របស់ខ្លួនប្រកបដោយស្តង់ដាត្រឹមត្រូវ។
ចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍» នេះ ក៏ជួយអភិរក្សវប្បធម៌ ប្រពៃណីរបស់ជនជាតិខ្មែរ លើកកម្ពស់ធនធានមនុស្សដែលមានជំនាញ គុណភាព ប្រសិទ្ធភាពខ្ពស់សំដៅទាក់ទាញទេសចរ ក៏ដូចជាពន្យារការស្នាក់នៅរបស់ទេសចរ និងចូលរួមបង្កើនដល់ការលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងប្រកបដោយផាសុកភាពសម្រាប់ការស្នាក់នៅរបស់ភ្ញៀវទេសចរ ស័ក្តិសមនឹងការប្រសិទ្ធនាម៖ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»។
ដំណើរការនៃការប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» ក្នុងវិស័យទេសចរណ៍ធ្វើឡើងជារៀងរាល់ឆ្នាំដោយចែកចេញជា៣ដំណាក់កាល ដូចខាងក្រោម៖
* ដំណាក់កាលទី១៖ ចាប់ពីថ្ងៃជូនដំណឹងដល់ខែកញ្ញា ឆ្នាំ២០២៣ មូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវដាក់ពាក្យសុំចូលរួមប្រឡងប្រណាំងតាមរយៈគេហទំព័រ www.cambodiabesthospitality.org (អាចចូលបានតាមការស្កេន QR-Code) ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធចាំបាច់នានា។ មូលដ្ឋានអាជីវកម្មទេសចរណ៍ក៏អាចធ្វើការចុះឈ្មោះចូលរួមប្រឡងប្រណាំងដោយគ្រាន់តែបំពេញពាក្យសុំចូលរួមប្រឡងប្រណាំង និងផ្ញើមក អ៊ីម៉ែល [email protected] ។
* ដំណាក់កាលទី២៖ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងប្រជាពលរដ្ឋអាចចូលរួមការវាយតម្លៃ (Vote) ដោយផ្ទាល់ ឬតាមប្រព័ន្ធវាយតម្លៃអនឡាញ (www.cambodiabesthospitality.org) ឬអាចចូលវាយតម្លៃដោយគ្រាន់តែស្គេន QR-Code របស់សេវាណាមួយ និងធ្វើការវាយតម្លៃ។
* ដំណាក់កាលទី៣៖ ខែមីនា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ នឹងរៀបចំរបាយការណ៍ចុងក្រោយ និងឈានទៅប្រកាសលទ្ធផលជ័យលាភី «បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍»។
ចំពោះព័ត៌មានលំអិតទាក់ទងនឹងចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» ក្នុងវិស័យទេសចរណ៍ សូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០៩៩ ២៧២ ៧៧៦, ០៩៦ ៤១០ ៤៦១០
អ៊ីម៉ែល [email protected]
ឬគេហទំព័រ www.cambodiabesthospitality.org