(ព្រះសីហនុ)៖ ចោរបានចូលគាស់បន្ទប់របស់នារីម្នាក់ ហើយលួចយកលុយអស់ជាង១ពាន់ដុល្លារ នៅវេលាម៉ោងប្រមាណជាង៤ទៀបភ្លឺថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចកែងផ្លូវ LV ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ប្អូនស្រីណា ជាជនរងគ្រោះបានរៀបរាប់ថា ប្អូនស្រីជាបុគ្គលិកធ្វើការនៅកាស៊ីណូវេណយប់។ នៅវេលាម៉ោង៣ទៀបភ្លឺ ប្អូនបានចេញពីធ្វើការ ហើយមកបន្ទប់ជួលដូចសព្វដង ប៉ុន្តែនៅថ្ងៃនេះពេលបានបើកទ្វារចូលបន្ទប់ ស្រាប់តែឃើញទ្វារបើកសោ សម្ភារៈមានភាពរញ៉េរញ៉ៃ រួមទាំងកូនជ្រូកសន្សំលុយបានបែកជាបំណែក។
ភ្លាមនោះក៏មានការឆោឡោដល់បងប្អូនដែលជួលនៅក្បែៗគ្នាទាំងយប់។ បន្ទាប់ពីឃើញបែបនេះ ប្អូនស្រីណាបានហៅអ្នកនៅក្បែរឲ្យជួយ ហើយថែមទាំងសុំការអធ្យាស្រ័យជាមួយម្ចាស់ផ្ទះជួល សូមឲ្យបងប្អូនក្នុងផ្ទះកុំទាន់ចេញក្រៅ ភ្លាមនោះក៏មានអ្នកនៅក្បែរបន្ទប់ប្អូនស្រីប្រាប់ថា មុនប្អូនមកដល់គាត់ឃើញបុរសម្នាក់ឈរចាក់សោនៅមុខបន្ទប់របស់ប្អូន តែគាត់គិតថា ជាបន្ទប់របស់បុរសនោះទើបគាត់មិនចាប់អារម្មណ៍អ្វីផ្សេង ហើយបុរសនោះក៏ជាអ្នកជួលបន្ទប់ដូចគ្នាផងដែរ។
ក្រោយបានស្តាប់រឿងហេតុ ប្អូនស្រីបានទៅប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ ដើម្បីសុំកិច្ចអន្តរាគមពីសមត្ថកិច្ច ពេលសមត្ថកិច្ចមកដល់ ក៏បានធ្វើការសាកសួរជុំវិញករណីនេះ ភ្លាមនោះបុរសដែលត្រូវគេឃើញធ្វើសកម្មភាពនោះ បានព្យាយាមរត់គេច ហាក់មានការភិតភ័យ ពេលដែលសមត្ថកិច្ចសុំឆែកបន្ទប់របស់ខ្លួន តែសមត្ថកិច្ចមិនបានឃាត់យកទៅសាកសួរនោះទេ ដោយគិតថា មិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការឃាត់ ហើយបុរសដែលគេឃើញធ្វើ សកម្មភាពនោះ បានរត់គេចខ្លួនបាត់ ក្រោយរត់គេចខ្លួនសមត្ថកិច្ចបានចូលបើកបន្ទប់ជនសង្ស័យនោះ បានប្រទះឃើញមានសម្ភារៈគ្រឿងញៀននៅក្នុងបន្ទប់របស់គេ។
លុះព្រឹកឡើងនគរបាលសង្កាត់លេខ៤ មកសាកសួរបន្ថែម ហើយនាំប្អូនទៅដាក់ពាក្យបណ្តឹង និងជួយអន្តរាគមន៍បន្តរកមុខសញ្ញាជនសង្ស័យដែលរត់គេចខ្លួននោះ។
ជុំវិញករណីនេះលោក សំ ប្រាក់ មេប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែសីហា ថា នៅវេលាម៉ោង៤ទៀបភ្លឺ ប្អូនស្រីបានមកសុំកិច្ចអន្តរាគមន៍ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ពិតប្រាកដមែន ភ្លាមនោះលោកក៏បានចាត់ឲ្យកម្លាំងជំនាញ៣នាក់ ទៅដល់ទីតាំងខាងលើ។
ក្រោយសួរនាំ និងស្តាប់ហេតុផលរួចមក សមត្ថកិច្ចក៏មិនទាន់សន្និដ្ឋានថា បុរសនោះជាជនសង្ស័យដែរ ក្រោយឆែកឃើញក្នុងបន្ទប់គេមានដបទឹកសុទ្ធជក់គ្រឿងញៀន ក៏គិតថា រូបគេបែកថ្នាំទើបក្លាចសមត្ថកិច្ចបែបនេះ លុះព្រឹកឡើងជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ហើយលោកមេប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ បានពន្យល់ណែនាំបន្ថែមទៅប្អូនស្រី។
លោកបន្តថា ក្រោយពីឃើញក្នុងបន្ទប់បុរសនោះមានដបទឹកសុទ្ធជក់គ្រឿងញៀន រូបគេក៏មានពាក់ព័ន្ធមានផ្ទុកសារធាតុញៀន។ បច្ចុប្បន្នលោកកំពុងចាត់វិធានការតាមចាប់បុរសនោះហើយ ដោយលោកសុំទុកពេលឲខាងជំនាញ ធ្វើការតាមឃាត់ខ្លួនសិន ដើម្បីយកមកសាកសួរតាមពេលក្រោយ៕