(កំពង់ស្ពឺ)៖ អភិបាលរងខេត្តកំពង់ស្ពឺលោកស្រី ឡុង បូណារ៉េត បានជំរុញឱ្យមានចលនាលើកកម្ពស់តម្លៃសីលធម៌សង្គម ការចាត់វិធានការបង្ក្រាប និងពង្រឹងការអនុវត្តច្បាប់ម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់អំពើរំលោភសេពសន្ថវៈលើកុមារ មិនទាន់គ្រប់អាយុឱ្យមកនៅកម្រិតទាបបំផុត។

ការណ៍នេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សា ទាក់ទងនិងយេនឌ័រខេត្តកំពង់ស្ពឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរកិច្ចការនារីខេត្តកំពង់ស្ពឺ។

លោកស្រី ឡុង បូណារ៉េត បានលើកឡើងថា ក្នុងមួយឆ្នាំៗមានជនល្មើសមិនតិចនាក់ទេដែលត្រូវសមត្ថកិច្ចចាប់ខ្លួន និងត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារដោយសារតែអំពើហិង្សា និងការរំលោភសេពសន្ថវៈលើកុមារ។ ជាមួយនិងការកើតមានករណីនេះអាជ្ញាធរខេត្តបាននិងកំពុងតែសិក្សាពីមូលហេតុដែលនាំឱ្យមានបទល្មើសនេះកើតឡើង និងរិះរកគ្រប់មធ្យោបាយបង្កើតផែនការយុទ្ធសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងនិងករណីរំលោភសេពសន្ថវៈនេះ។

ជាវិធានការសំខាន់ដើម្បីទប់ស្កាត់ករណីខាងលើ ឱ្យទទួលបានប្រសិទ្ធិភាពខ្ពស់គឺចាំបាច់ត្រូវបង្កើនការផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងការលើកកម្ពស់ការយល់ដឹងអំពីសីលធម៌សង្គម និងតំលៃនៃសង្គម។ ចាត់វិធានការបង្ការសកម្មភាពដែលកើតមានឡើង និងបង្កើនប្រសិទ្ធិភាពការអនុវត្តច្បាប់ឱ្យបានតឹងរឹងនិងដាច់ខាតលើជនប្រព្រឹត្ត។

ជាមួយនោះដែរលោកស្រីអភិបាលរងខេត្ត ក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងកម្លាំងសមត្ថកិច្ច ​ត្រូវតែ​យកចិត្ត​ទុកដាក់​លើការព្យាបាល​ជម្ងឺផ្លូវចិត្ត ពង្រឹង​ការអនុវត្តច្បាប់​ ផ្តន្ទាទោសជនល្មើស​ បង្កើន​ការបង្ក្រាប​វីដេអូអាសអាភាស​ និង​ពង្រឹង​ការអប់រំ សីលធម៌​សង្គម​ឱ្យកាន់​តែខ្លាំង​ក្លា​ឡើង​ថែម​ទៀត​ ព្រមទាំង​លុបបំបាត់​ឱ្យបាននូវការប្រើប្រាស់​គ្រឿងញៀន។

យោងតាមរបាយការណ៍របស់មន្ទីរកិច្ចការនារីខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៣ កន្លងមកនេះ អំពើហិង្សាកើតឡើង២៨ករណី អំពើរំលោភបំពានផ្លូវភេទលើ៩ក្រុងស្រុកមាន១៤ករណី មានជនរងគ្រោះចំនួន១៥នាក់ ជាអនីតិជន១០នាក់ និងមានជនសង្ស័យ១៧នាក់ជានីតិជន១៤នាក់ និងអនីតិជន៣នាក់៕