(ភ្នំពេញ)៖ លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ តាមរយៈវីដេអូនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានបញ្ចេញទស្សនៈថា កម្ពុជាបើកគេហទំព័រប្រវត្តសាស្រ្តថ្មី ដែលមាននាយករដ្ឋមន្រ្តីវ័យក្មេង និងឈ្លាសវៃបំផុត នឹងនាំកម្ពុជាឆ្ពោះទៅមហាអំណាចក្នុងតំបន់។

លោក ហេង សំណាង បានថ្លែងថា កម្ពុជាបានបោះជំហានសារជាថ្មីម្តងទៀត ដែលមានគណៈរដ្ឋមន្រ្ដីថ្មី ក្នុងអាណត្តិទី៧ ភាគច្រើនសុទ្ធតែក្រុមបញ្ញាវន្តជាន់ខ្ពស់ និងពោរពេញទៅដោយកម្លាំងថាមពល បទពិសោធន៍ជំនាញៗ។ លោកបន្តថា មិនអាចបំភ្លេចបានទេការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និង ឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត គឺសុទ្ធតែឆ្លងកាត់បទពិសោធន៍ច្រើន ដូចពាក្យគេពោលថា «ក្មេងដើរលឿន ចាស់ស្គាល់ផ្លូវ» កត្តាទាំងនេះហើយ ដែលប្រជាជនខ្មែរទូទាំងប្រទេសបានអបអរសាទរ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

បើតាមលោក ហេង សំណាង អ្វីដែលជាការកត់សម្គាល់នោះ គណៈរដ្ឋមន្រ្ដីថ្មីក្នុងអាណត្តិទី៧ អ្វីដែលជាភាពលេចធ្លោនោះគឺ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា បានរៀនសូត្រចេះដឹងខ្ពង់ខ្ពស់ ទាំងផ្នែកសេដ្ឋកិច្ច យោធា និងផ្នែកនយោបាយ ពិសេសបទពិសោធន៍ការទូត នានាកន្លងមក។ ផ្ទុយមកវិញ គេមិនអាចប្រៀបធៀប នឹងក្រុមនិន្នាការប្រឆាំងបាននោះទេ ដែលពួកគេតែងតែប្រឌិតរឿងមិនពិត ព្រោះកត្តាធនធានមនុស្ស គឺជាខួរឆ្ឆឹងខ្នង នៃសសរទ្រូងប្រទេសជាតិ។

លោក ហេង សំណាង បានមើលឃើញថា កម្ពុជាមិនយូរមិនឆាប់ ក្រោមការដឹកនាំរបស់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងនាំកម្ពុជាឆ្ពោះទៅមហាអំណាចក្នុងតំបន់ ព្រោះកត្តាភូមិសាស្រ្ត ធនធានមនុស្ស គឺជាសត្យានុម័ត ដែលយុវជនយើងបានត្រៀមខ្លួនក្នុងការចូលរួម ដើម្បីកម្ពុជាយើងរុងរឿងជានិរន្តរ៍៕