(ពោធិ៍សាត់)៖ ចៅអធិការ ព្រមទាំងលោកអាចារ្យ គណៈកម្មការ វត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានអំពាវនា ដល់ញាតិញោមពុទ្ធបរិស័ទ ព្រមទាំងសប្បុរសជនទាំងអស់ សូមជួយចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីប្រមូលបច្ច័យ កសាង ជួសជុល និងកែសម្រួលព្រះភ័ក្ត្រព្រះអង្គផ្ចាញ់មារ ក្នុងទីអារាមវត្តវាល ក្រោយមានការរិះគន់។

បើតាមការបង្ហោះរបស់ គណនីហ្វេសប៊ុកវត្តវាល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ចំពោះការកសាង ជួសជុល និងកែសម្រួលព្រះភ័ក្ត្រព្រះអង្គផ្ចាញ់មារ ក្នុងទីអារាមវត្តវាល គឺជាងយកតម្លៃប្រមាណ ១២,៥០០ដុល្លារ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត សង្ឃឹមលើ ញាតិញោមពុទ្ធបរិស័ទទាំងអស់ មេត្តាជួយបំពេញនូវតម្រូវការខ្វះខាតនេះ ដោយក្តីអនុគ្រោះ ចូលរួមមានសទ្ធាជ្រះថ្លា ក្នុងការកសាងជួសជុលជាបន្តទៀត។

សូមជម្រាបជូនថា កាលពីបេលកន្លងទៅ មានការផ្សព្វផ្សាយ តាមហ្វេសប៊ុក អំពីព្រះពុទ្ធរូបផ្ចាញ់មា ១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិ ផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានលក្ខណៈ មិនស្អាតល្អ ។

ករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសថា ព្រះពុទ្ធរូបនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩ មកម្លេះ ក្រោមការផ្តួចផ្តើម របស់ព្រះចៅអធិការវត្តវាល។ ព្រះពុទ្ធរូបនេះ សង់ឡើង មានកម្ពស់ ២៩ម៉ែត្រ ព្រះភ្នែន ២១ម៉ែត្រ។ ការកសាងព្រះពុទ្ធរូបនេះ បានប្រើប្រាស់ជាង ដែលមានចំណេះដឹងតិចតួច និងបច្ចេកទេស សូន្យរូប នៅមានកម្រិត ពុំមានរចនាបថបានត្រឹមត្រូវ តាមក្បួនខ្នាតនោះទេ។ តាមការពិនិត្យជាក់ស្តែង បើយើង មើលចំពីមុខ ព្រះភក្ត្រព្រះអង្គ ពិតជាមានទម្រង់ សមរម្យជាងមើល ពីចំហៀង។

ជាមួយគ្នានោះ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសថា នឹង ណែនាំដល់ មន្ទីរជំនាញ សហការ ជាមួយអ្នកបច្ចេកទេស និងព្រះចៅអធិការវត្ត ដើម្បីបន្តពិនិត្យ និងវាយតម្លៃ ឱ្យបានល្អិតល្អន់នូវចំណុចខ្វះខាត ឆ្គាំឆ្គងណា ដែលគួរធ្វើការកែលម្អឱ្យបានសមរម្យ៕