(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រាជបណ្ឌិត្យសភាកម្ពុជាសង្គមស៊ីវិលនិងយុវជនបង្ហាញក្តីរំពឹងថា ការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនឹងបន្តជំរុញទំនាក់ទំនងកម្ពុជា-ចិនឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់អ្នកសារព័ត៌មានកម្ពុជាចិន នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២៣ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ទំនាក់ទំនងកម្ពុជា-ចិនមិនត្រឹមតែនៅដដែលទេ ប៉ុន្តែថែមទាំងត្រូវពង្រឹងពង្រីកកាន់តែខ្លាំងថែមទៀត។

ឯកឧត្តមបណ្ឌិតលើកឡើងថា៖ «ទំនាក់ទំនងកម្ពុជា-ចិនក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងកាន់តែរីកចម្រើន រឹងមាំមានស្ថិរភាពជាងមុន ជាពិសេស មិត្តភាពដែកថែបរវាងប្រទេសទាំងពីរ នឹងមិនមានការប្រែប្រួល ផែនការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិន ក៏មិនប្រែប្រួល ហើយភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រឹតតែមានលក្ខណៈស៊ីជម្រៅថែមទៀត ក្របខណ្ឌកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ នឹងត្រូវបានពង្រឹងឡើង»

រីឯលោក យឹម អធិស័ក្តិ ជានិស្សិត សកលវិទ្យាល័យមេគង្គកម្ពុជាវិញបានឱ្យដឹងដែរថា ក្នុងនាមជាយុវជន លោកគិតថា ទំនាក់ទំនងកម្ពុជាចិន ក្នុងអាណត្តិរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺកាន់តែអភិវឌ្ឍន៍ឡើងថែមមួយកម្រិតទៀត។
លោកនិយាយថា៖ «ចិន និងកម្ពុជាជាមិត្តដែលរួមរស់ក្នុសហគមន៍តែមួយ មានជោគវាសនាតែមួយ ដៃគូសហប្រតិបត្តិកាគ្រប់ជ្រុងជ្រោយ ទាំងក្នុងតំបន់ និងអន្តរជាតិ...នៅពេលដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី រដ្ឋមន្ត្រីការបរទេសចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា ដំណើរទស្សនកិច្ចនេះនឹងជំរុញ កិច្ចសហប្រតិបត្តិការកាន់តែច្រើន ជាពិសេស ការអនុញ្ញាតឲ្យទំនិញកសិកម្មរបស់កម្ពុជាមួយចំនួនធំ នាំចេញទៅចិនបាន»

លោកបណ្ឌិតជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបង្ហាញក្តីសង្ឃឹមថាក្នុងអាណត្តិថ្មីនេះកម្ពុជានិងចិន នឹងពន្លាតទំនាក់ទំនងនិងពង្រីកទំហំពាណិជ្ជកម្មជាពិសេសបង្កើន បរិមាណកសិផលិតផលកម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសចិន កាន់តែច្រើន។

សូមបញ្ជាក់ថា តាមរយៈទំនាក់ទំនងដ៏ល្អតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នេះ ប្រទេសកម្ពុជា និងចិននឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្ដង់ដារខ្ពស់លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិដើម្បីជាផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕

អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន