(ឧត្តរមានជ័យ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងនៅស្ពានទ័ព និងប្រាសាទព្រហ្មកិល ស្ថិតភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។
ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ក្រុមការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្រ្តីរាជការជុំវិញខេត្តឧត្តរមានជ័យ យ៉ាងច្រើនកុះករ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងតំណែង នាយករដ្ឋមន្ត្រីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា និងសូមឲ្យប្រទេសជាតិរួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរណ៍សប្បាយជានិច្ចនិរន្តន៍។ ជាពិសេស សូមឲ្យដំណើរការនៃការរៀបចំរដ្ឋសភា និងរដ្ឋាភិបាលថ្មីអាណត្តិទី៧ ដំណើរការទៅដោយរលូន។
គួររំលឹកផងដែរថា ស្ពានទ័ព ឬស្ពានទិព្វនេះ ត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ័្មនទី៧ ស្ថិតនៅលើដងផ្លូវបុរាណមួយ ចេញពីអតីតរាជធានីអង្គរធំ ទៅកាន់រាជធានីភីម៉ាយ (បច្ចុប្បន្ននៅប្រទេសថៃ)។ ស្ពានទ័ព សង់កាត់ស្ទឹងស្រែង ដែលមានបណ្តោយប្រវែង១៥០ម៉ែត្រ ទទឹងប្រវែង១៦.៥០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ។ ស្ពានទ័ពកំពុងប្រឈមនឹងបញ្ហសទ្រុឌទ្រោមរចនាសម្ព័ន្ធជាច្រើន ពិសេសផ្នែកខាងកើត។ អស់រយៈពេលជាច្រើនសតវត្ស សសរស្ពាន ពិសេសផ្នែកខាងកើតបានសឹករេចរិលដោយសារចរន្តទឹកហូរខ្លាំង ក៏ដូចជាទឹកហូរនាំដី និងដើមឈើតូចធំ មកចាក់បន្តលុបសសរស្ពាន រហូតដល់កម្ពស់៤ម៉ែត្រ។ លើសពីនេះ ដោយសារតែការដុះព្រៃយ៉ាងក្រាស់ និងខ្វះការថែទាំ ធ្វើឲ្យថ្មភក់ ដងខ្លួននាគ មួយចំនួនត្រូវគេសំលៀងកាំបិត ឬបំបែកជាផ្នែកៗ។
ចំណែកឯប្រាសាទព្រហ្មកិល ត្រូវបានសាងសង់ឡើងនៅលើដីរាបស្មើ ក្បែរផ្លូវបុរាណមួយខ្សែ ដែលចេញពីរាជធានី អង្គរទៅកាន់ប្រាសាទភិមាយជាប្រាសាទទោលមានប្រាង្គមួយ បែរមុខទៅទិសខាងកើត ជាសំណង់ស្ថិតនៅក្នុងរជ្ជកាលព្រះបាទេជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ជាប្រាសាទស្ថិតក្នុងរចនាបថបាយ័ន។ សំណង់នេះ ជាហោបន់ស្រន់របស់សាលាសំណាក់ ឬទីស្នាក់អាស្រ័យរបស់អ្នកដំណើរ ឬហៅម្យ៉ាង ទៀតថា ផ្ទះភ្លើង ឬធម្មសាលា៕