(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់វត្តវិសុទ្ធិមគ្គ ស្ថិតនៅភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ។

ទេយ្យវត្តុ និងគ្រឿងឧបភោគបរិភោគទាំងនោះរួមមាន៖ ទៀនព្រះវស្សា១គួរ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ព្រមទាំងបច្ច័យចំនួន ១២លានរៀល ប្រាក់ដុល្លា ១៧០០ដុល្លារ និងអំពូលភ្លើងសូឡា ៣០គ្រឿង និងជូនដល់សីលវ័ន សីលវន្តី ចំនួន៤០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រណាត់ស ១ដុំ និងថវិកា ២ម៉ឺនរៀល ព្រមទាំងបានធ្វើពិធីរាប់បាត្រព្រះសង្ឃ ១០០អង្គ ដើមី្បឧទ្ទិសថ្វាយមគ្គផលដល់ដួងវិញ្ញាណក្ខ័ន្ត បុព្វការីជន ជីដូនជីតា សាច់សារលោហិត ទៅតាមប្រវេណីទំនៀមទំលាប់ប្រពៃណីព្រះពុទ្ឋសាសនាផងដែរ។

ក្នុងឱកាសនោះដែរ លោក ទៀ សីហា បានលើកឡើងអំពីភាពជឿនលឿន និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យក្នុងខេត្តសៀមរាប ក៏ដូចជា៖ នៅទូទាំងប្រទេស គឺទទួលបានការអភិវឌ្ឍនៅគ្រប់ទីកន្លែងមិនថាតែទីក្រុង ទីប្រជុំជន ឬជនបទនោះទេ ពោលគឺ  រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ 

លោក ទៀ សីហា បានបន្តថា ដោយសារកត្តាសន្តិភាព និងភាពរីកចម្រើននេះហើយ ទើបយើងមានឱកាសបានបំពេញបុណ្យនៅគ្រប់ទីកន្លែងដោយមិនមានការព្រួយបារម្ភ ហើយការនាំនូវទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគមួយចំនួនមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅពេលនេះ គឺដើម្បីតបសងគុណ ឧទ្ទិសកុសលទៅឱ្យបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងជាឱកាសយើងរួមសាមគ្គីគ្នាធ្វើបុណ្យកុសល សន្សំសេចក្តីសុខ សេចក្តីចម្រើនក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា និងក៏ជាការរួមចំណែកថែរក្សាព្រះពុទ្ឋសាសនាឱ្យកាន់តែរីកចម្រើន និងគង់វង្សយូរអង្វែងតទៅមុខទៀត។

លោក ទៀ សីហា បានបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនព្រះធម៌ និងព្រះវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទព្រះសម្មាសាម្ពុទ្ធ។ ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួនកើនឡើង៧៩,៦៩% បើប្រធៀបនឹងអាណត្តិកន្លងទៅចំនួនអ្នកបោះឆ្នោតនៅក្នុងខេត្តសៀមរាប។ លោកថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភានេះ បានបង្ហាញថា ប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជា រហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបាន១២០អសនៈ លើ១២៥អសនៈ នៅក្នុងរដ្ឋសភាផង​ដែរ៕