(ព្រះវិហារ)៖ រយ:ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែសីហា ឆ្នាំ២០២៣ ក្រសួងកិច្ចការនារី និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី «លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន» ដើម្បីពង្រឹងសមត្ថភាពជនបង្គោលមកពីវិស័យកិច្ចការនារីចំនួន៩ខេត្ត និងធ្វើវេទិកាជាមួយប្រជាពលរដ្ឋនៅឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ថ្លែងនាមលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី, លោកស្រី ឡុង សុផល្លី រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានលើកឡើងពីតួនាទីសំខាន់ចាំបាំបាច់របស់ស្រ្តីក្នុងការចូលរួមចំណែកការងារជួយសង្គមផ្សេងៗ ពិសេសការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាការងារសំខាន់ចាំបាច់ ដើម្បីឱ្យសហគមន៍មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅបានសុខសាន្ត ធនធានមនុស្ស និងរីកលូតលាស់ពោរពេញដោយសក្តានុពលសម្រាប់ បំពេញការងារអាចជ្រោងបាននូវកំណើនសេដ្ឋកិច្ច។
ថ្លែងក្នុងនាម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចខិតខំរបស់បងប្អូនជាស្រ្តីក្រៅពីជួយជ្រោងសេដ្ឋកិច្ចគ្រួសារបានចូលរួមចំណែកអនុវត្តនូវយន្តការពហុវិស័យ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន កសាងបាននូវសហគមន៍គ្រួសារ ពោរពេញដោយសុភមង្គល។
ក្នុងឱកាសនោះ លោកស្រី ឈៀង សូគ៌ា អភិបាលរងស្រុកត្បែងមានជ័យ និងលោកវរសេនីយ៍ទោ មាស សុខា អធិការរងទទួលបទល្មើសស្រុកត្បែងមានជ័យ សុទ្ធតែបានលើកយកនូវលទ្ធផលចូលរួមអនុវត្តគោលនយោបាយឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសលក្ខណសម្បត្តិទី២ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលទទួលបានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋចូលរួមទាំងអស់មានសេចក្តីសប្បាយរីករាយ អរគុណដល់ថ្នាក់ជាតិដែលបានរៀបចំវេទិកានេះជួយបំភ្លឺបំពេញបន្ថែមនូវចំណុចខ្វះខាតដេីម្បីពួកគាត់ងាយស្រួលចូលរួមសហការ និងបានសំណូមពរសុំឱ្យមានវេទិកា បែបនេះក្រោយៗទៀត៕