(កណ្តាល)៖ ផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងភូមិព្រែកបាក់ ឃុំព្រែកទន្ទាប់ ស្រុកលើកដែក ខេត្តកណ្តាល ប្រមាណ ១០៤កិហតា ត្រូវបានលោក ងី សារី មេឃុំព្រែកទន្លាប់ ប្រើថវិកាផ្ទាល់ខ្លួនជួលគ្រឿងចក្រ និងដីចាក់ធ្វើទំនប់កាត់ទទឹងព្រែក ដើម្បីស្ទាក់ទឹកកុំឱ្យជន់លិច។ នេះបើយោងតាមការឱ្យដឹងពីលោក សេង ឈន មេភូមិព្រែកបាក់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ។
លោកមេភូមិព្រែកបាក់ បានថ្លែងថា ដោយមើលឃើញស្ថានភាពទឹកទន្លេមេគង្គហក់ឡើងយ៉ាងគំហុក ប្រជាពលរដ្ឋនៅក្នុងភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ក៏មានការព្រួយបារម្ភខ្លាចមានទឹកជំនន់ ឡើងលិចផលដំណាំរបស់ពួកគាត់ ប្រជាពលរដ្ឋក៏បានសំណូមពរដល់លោក ងី សារី មេឃុំព្រែកទន្លាប់ ជួយចាក់ដីលុបព្រែកបាក់ធ្វើជាទំនប់ ដើម្បីស្ទាក់ទឹកបញ្ជៀសការលិចលង់ផលដំណាំផ្សេងៗ ជាពិសេសដំណាំចេក ស្វាយ ស្រូវ ពោត និងដំណាំបន្លែជាដើម។
លោក ងី សារី មេឃុំ ព្រែកទន្លាប់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក៏បានជួលគ្រឿងចក្រជាច្រើនគ្រឿង ដើម្បីជីកកាយដឹកជញ្ជូនដីយកទៅចាក់ធ្វើទំនប់កាត់ទទឹងព្រែកបាក់ ដើម្បីស្ទាក់ទឹកកុំឲ្យលិចផលដំណាំរបស់ ប្រជាពលរដ្ឋ ដោយចំណាយថវិកាផ្ទាល់ខ្លួន ប្រមាណ ៥,២០០,០០០រៀល។
លោក សេង ឈន បានបន្តថា ផលដំណាំរបស់ប្រជាពលរដ្ឋដែលសង្រ្គោះបានសរុបមានចំនួន ១០៤ហិកតា ស្មើប្រជាពលរដ្ឋ ១៤៥គ្រួសារ ក្នុងនោះដំណាំពោត ២៨ហិកតា ដំណាំបន្លែ ២៥ហិកតា ដំណាំស្រូវ ១៦ហិកតា ដំណាំចេក ៨ហិកតា ដំណាំស្វាយ ២៧ហិកតា។ បច្ចុប្បន្នផលដំណាំទាំងនេះ ប្រជាពលរដ្ឋកំពុងប្រមូលផលយ៉ាងសកម្មដោយមិនប្រឈមនឹងការលិចលង់ឡើយ ហើយប្រជាពលរដ្ឋនៅក្នុងភូមិព្រែកបាក់ ក៏បានថ្លែងអំណរគុណទឹកចិត្ត សប្បុរសរបស់លោក ងី សារី មេឃុំព្រែកទន្លាប់ ដែលបានជួយសង្រ្គោះផលដំណាំរបស់ពួកគាត់ បានជៀសផុតពីការលិចលង់។
បងស្រី ឈាង ធុច ដែលជាប្រជាកសិករដាំបន្លែនៅក្នុងឃុំព្រែកទន្លាប់ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ចំការបន្លែរបស់គាត់នៅរដូវវស្សាត្រូវបានជន់លិចមិនអាចប្រមូលផលដំណាំបានទេ ប៉ុន្តឆ្នាំនេះ មេឃុំព្រែកទន្លាប់លោក ងី សារី បានចាក់ដីធ្វើទំនប់ស្ទាក់ទឹកមិនអោយហូរចូលលិចបន្លែរបស់គាត់ ក៏ដូចប្រជាពលរដ្ឋផ្សេងទៀត និងបានបង្កលក្ខណៈងាយស្រួលដល់គាត់ ហើយប្រជាពលរដ្ឋក៏បានប្រមូលផលរហូតដល់រាល់ថ្ងៃនេះ។
បងស្រី ឈាង ធុច បានបន្ថែមថា គាត់បានដាំបន្លែក្នុងមួយឆ្នាំ២ដង គឺចូលឆ្នាំចិន និងសែនក្បាលទឹក បច្ចុប្បន្នបន្លែរបស់គាត់មានតម្លៃក្នុងមួយគីឡូក្រាម ១,៨០០រៀល ហើយតម្លៃនេះគាត់គិតថាខាត ពីព្រោះគាត់ទិញកូនបន្លែពីវៀតណាម មកដាំក្នុង១កូន តម្លៃជិត១០០រៀល ទៅហើយជួលគេដឹកមក ថែមទាំងជួលឈ្នួលជួយដាំទៀតនោះ ចឹងគាត់ត្រូវចំណាយថវិកាច្រើន ពីមុនគាត់ព្យាយាមបណ្តុះកូនបន្លែដាំខ្លួនឯងដែរ តែបើគាត់ទិញកូនបន្លែពីវៀតណាមមកដាំ ត្រូវតាមតម្រូវការ តែបើយើងបណ្តុះកូនបន្លែខ្លួនឯង បន្លែមិនលូតលាស់តាមតម្រូវការទេ ហើយពូជបន្លែដែលពួកគាត់ជ្រើសរើសមកដាំមាន២ប្រភេទ គឺកូនបន្លែរបស់ចិន និងកូនបន្លែរបស់វៀតណាម។
ពូជចិនចំ វាធន់នឹងជំងឺ វាបានថ្លៃជាងរបស់ខ្មែរ ធ្ងន់ជាងពូជរបស់ខ្មែរយើង តែទីផ្សារមួយរយៈនេះ ពូជចិន បានតម្លៃជាងពូជខ្មែរយើង។ គាត់បានត្អូញត្អែពីបញ្ហា ជី ថ្នាំ ប្រេងឡើងថ្លៃណាស់ ហើយពួកគាត់ដាំបន្លែបាន តម្លៃថោក ដូច្នេះក្នុងរយៈពេល២-៣ឆ្នាំនេះ ពួកគាត់ប្រឈមខាតរហូត គាត់បានសំណូមពរដល់រាជរដ្ឋាភិបាលជួយរកទីផ្សារឱ្យប្រជាពលរដ្ឋផង ពីព្រោះសព្វថ្ងៃនេះ គឺប្រជាពលរដ្ឋពិបាកនឹងទីផ្សារខ្លាំងណាស់ដូចថាដាំបានហើយ លក់មិនចេញ មិនទាន់ដាំបាន តម្លៃ១គីឡូ ១,៥០០រៀល ទៅ ២០០០រៀល ទាល់តែដាំបានធ្លាក់នៅត្រឹមតែ ៥០០រៀល ហើយឈ្មួញមិនយកច្រើនទៀត យកត្រឹមតែ១០គីឡូ ២០គីឡូ ជួនកាលបន្លែរបស់ពួកគាត់រាប់តោន ចោលនៅពេញដីគ្មានអ្នកទិញក៏មាន។ ជារៀងរាល់ឆ្នាំចំការរបស់ពួកគាត់នៅរដូវវស្សានេះ លិចលង់ធ្វើឱ្យពួកគាត់មិនអាចប្រមូលផលដាំណាំរបស់ពួកគាត់បានទេ តែឆ្នាំនេះបានលោកមេឃុំ ងឺ សារី ចាក់ដីទប់ស្ទាក់ទឹកមិនឱ្យហូរចូលមកលិចបន្លែរបស់ពួកគាត់ ធ្វើឱ្យពួកគាត់អាចប្រមូលផលបន្លែបាន។
លោក អ៊ុង សាលួត ប្រធានសហគមន៍បន្លែបៃតងព្រែកទន្លាប់ បានរៀបរាប់ថា នៅក្នុងតំបន់របស់លោក គឺភាគច្រើនជាប្រភេទដីលិចទឹក ហើយពួកយើងបានសំណូមពរដល់អាជ្ញាធរ ដូចជា លោកមេឃុំគាត់ជួយទប់ទំនប់ ដូច្នេះធ្វើឱ្យទឹកមិនអាចលិចផលដំណាំរបស់ពួកគាត់បានទេ ហើយសហគមន៍អាចប្រមូលផលបានមុនទឹកលិច ហើយបច្ចុប្បន្នពួកគាត់កំពុងមមាញឹកក្នុងការប្រមូលផលជាបន្តបន្ទាប់ ហើយឆ្នាំទៅមិញទឹកធំលិច មកដល់រដូវនេះទឹកចាប់ផ្តើមឡើង អីចឹងសហគមន៍សំណូមពរដល់លោកមេឃុំជួយទប់ដើម្បីកុំឱ្យទឹកឡើងមកលិចផលដំណាំប្រជាកសិករ នៅក្នុងសហគមន៍របស់លោកមានប្រជាកសិករប្រមាណ៤២គ្រួសារ កំពុងដាំបន្លែ និងមានប្រជាជនជាច្រើនគ្រួសារទៀត ប្រកបរបរធ្វើស្រែ ចំការស្វាយ ចំការពោត។ល។
ជាចុងក្រោយលោកក៏សូមថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុតដល់លោកមេឃុំព្រែកទន្លាប់ និងលោក ហេង រតនា គណៈពង្រឹងព្រែកទន្លាប់ ដែលបានជួយជាថវិកាជួយទប់ទំនប់ព្រែកស្ទាក់ទឹកកុំឱ្យទឹកជន់លិចផលដំណាំរបស់ប្រជាកសិករក្នុងសហគមន៍របស់លោក៕