(ភ្នពេញ)៖ បុរសអ្នកបើកកង់បីដែលជិះបញ្ច្រាសទិស ហើយទាញដែកទីបបម្រុងវាយអ្នកបើកបររថយន្ដ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម បង្កឱ្យមានការភ្ញាក់ផ្អើល ត្រូវបាននគរបាល នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ពីបទប៉ុនប៉ងហិង្សា និងបើកល្មើសច្បាប់ចរាចរណ៍។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានរៀបចំសំណុំរឿងបញ្ជូនអ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិស ហើយមានបំណងបង្កហិង្សាដោយប្រើដែកទីប ចង់វាយអ្នកបើកបររថយន្ត ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីបទប៉ុនប៉ងហិង្សា និងបើកល្មើសច្បាប់ចរាចរណ៍»។
សូមជម្រាបថា បុរសអ្នកបើកកង់បីម្នាក់ដែលជិះបញ្ច្រាសទិស ហើយទាញដែកទីបបម្រុងវាយអ្នកបើកបររថយន្ដ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយកើតហេតុ ដោយទទួលបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះបានសហការគ្នាជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវរហូតឃាត់ខ្លួនម្ចាស់កង់បីឥណ្ឌាខាងលើ៕