(កំពង់ឆ្នាំង)៖ ក្រោយពីឃើញមានក្លោងទ្វារ និងរបងនៃសាលាបឋមសិក្សាច្រេស ស្ថិតនៅភូមិច្រមុះជ្រូក​ ឃុំច្រេស​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង មានសភាពចាស់ទ្រុឌទ្រោម និងអាចបង្ករជាហានិភ័យសម្រាប់សិស្សានុសិស្ស អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត មាលា ញាណឡេង រួមទាំងកូនចៅ បានផ្តួចផ្តើមកសាងក្លោងទ្វារ និងរបងសាលារៀនជូន ដែលប្រវែង ១២៩ម៉ែត្រសរុបទឹកប្រាក់អស់ចំនួន ៩,១៥០ដុល្លារអាមេរិក។

ក្រោយធ្វើការសាងសងសង់រួច និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការគណៈគ្រប់គ្រងសាលា លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាច្រេសទាំងអស់ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានលើកដៃប្រណំថ្លែងអំណរអរគុណដល់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត មាលា ញាណឡេង រួមទាំងក្រុមគ្រួសារ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ជួយធ្វើការសាងសង់ក្លោងទ្វា និងរបងសាលា សម្រាប់ផ្តល់ជូនសាលា និងសិស្សានុសិស្សប្រើប្រាស់។

គណៈគ្រប់គ្រងសាលា លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាច្រេសទាំងអស់ ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត មាលា ញាណឡេង រួមទាំងក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឧទ្ទិសកុសលមហាកុសលជូនដល់អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ញាណ ឡេង សូមបានទទួលនូវមហាកុសលផលបុណ្យកុំបីឃ្លាងឃ្លាតឡើយ៕