(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវម៉ាស៊ីន MRI (ថតអឹមរ៉ាយ) ដែលមានតម្លៃកន្លះលានដុល្លារអាមេរិក ដើម្បីបង្កើនប្រសិទ្ធភាពព្យាបាលជូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្ដ្រចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងមន្ដ្រីថ្នាក់ដឹកនាំ បុគ្គលិកនៃមន្ទីរពេទ្យជាច្រើនរូបទៀត ដែលប្រព្រឹត្ដទៅនៅអគារផ្នែករូបភាពវេជ្ជសាស្ដ្រ។

លោកសាស្ដ្រាចារ្យ ស៊ា ហួង បានថ្លែងថា ការដាក់ដំណើរការម៉ាស៊ីនដ៏ទំនើបនេះ ជាមោទនភាពមួយបន្ថែមទៀត សម្រាប់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដែលជាមធ្យោបាយមួយក្នុងការធ្វើរោគវិនិច្ឆ័យកាន់តែសុក្រិត។ ហើយមន្ទីរពេទ្យមិនបញ្ឈប់ត្រឹមបំពាក់ឧបករណ៍នេះទេ គឺនឹងបន្ដបំពាក់ឧករណ៍ទំនើបៗបន្ថែមទៀត ដើម្បីព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ខណៈដែលមន្ទីរពេទ្យក៏មាននូវសម្ភារៈឧបករណ៍ជាច្រើនទៀត សម្រាប់ផ្ដល់សេវាជូនពលរដ្ឋ។

លោកសាស្ដ្រាចារ្យបន្ដថា «សម្រាប់ការព្យាបាលអ្នកជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាពនេះ គឺមានតែឧករណ៍មួយមុខ មិនគ្រប់គ្រាន់នោះទេ ចាំបាច់ទាមទារនូវសមត្ថភាពរបស់គ្រូពេទ្យ ដែលត្រូវតែពង្រឹងជាបន្ដបន្ទាប់រហូតទាន់សម័យកាល និងបច្ចេកវិទ្យា។ ម្យ៉ាងវិញទៀត បើមានតែសម្ភារៈ និងការពង្រឹងសមត្ថភាព តែបើគ្រូពេទ្យមិនមានសីលធម៌វិជ្ជាជីវៈក៏មិនគ្រប់គ្រាន់ដែរ។ ដូច្នេះចំណុចទាំង៣នេះ (សម្ភារៈបរិក្ខារទំនើប សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ) ទើបផ្ដល់សេវាសុខាភិបាលមួយដែលគ្រប់ជ្រុងជ្រោយ ជូនប្រជាពលរដ្ឋ»

មន្ដ្រីជាន់ខ្ពស់សុខាភិបាលបានបន្ថែមថា ម៉ាស៊ីនអឹមរ៉ាយនេះ ជាការវិនិយោគរួមគ្នារវាងផ្នែកឯកជន និងមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។ ការបំពាក់នូវសម្ភារៈនេះ នឹងកាន់តែផ្ដល់ទំនុកចិត្ដជូនប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព សូមអញ្ជើញមកទទួលសេវាបាន ដោយធានានូវការធ្វើរោគវិនិច្ឆ័យបានសុក្រិត ព្យាបាលយ៉ាងប្រសិទ្ធភាព ជាមួយគ្រូពេទ្យដែលមានជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។

ជាមួយគ្នានោះដែរ នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ក៏បានគូសបញ្ជាក់ថា «ក្រុមគ្រូពេទ្យយើងទាំងអស់សុទ្ធតែបានបណ្ដុះបណ្ដាលទាំងនៅក្នុងស្រុក និងក្រៅស្រុក មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្ដល់សេវាសុខភាពផ្សេងៗនៅក្នុងតំបន់។ ម្យ៉ាងវិញទៀត ក្រុមគ្រូពេទ្យរបស់យើង បានអភិវឌ្ឍខ្លួនជានិច្ច ដើម្បីតាមទាន់នូវបច្ចេកទេសថ្មីៗ ដើម្បីបង្កើនជំនាញថ្មីៗ និងជំងឺថ្មីៗទៀត ដែលកើតមានឡើង ដោយបង្កើនគុណភាពនៃការព្យាបាលជូនប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាព»

ទន្ទឹមនឹងនោះ លោកនាយកមន្ទីរពេទ្យ រួមទាំងបុគ្គលិក បានប្ដេជ្ញាបន្ដរួមគ្នាដាក់ចិត្ដដាក់កាយបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ កុំឱ្យប្រជាពលរដ្ឋពិបាកស្វែងរកសេវាសុខភាពនៅក្រៅស្រុក ដែលកើនក្នុងការចំណាយថវិកាកាន់តែច្រើន។

សូមជម្រាបថា ម៉ាស៊ីន MRI (ថតអឹមរ៉ាយ) ដើម្បីថតមើលរូបភាពខាងក្នុងរាងកាយរបស់យើងពីក្បាលដល់ចុងជើង ពិសេសលើការគៀបសរសៃ ដែលធ្វើរោគវិនិច្ឆ័យ ក៏ដូចជាតាមដានការព្យាបាល យ៉ាងសុក្រិត ងាយស្រួលដល់គ្រូពេទ្យធ្វើការវាយតម្លៃគ្រប់ផ្នែកនៃរាងកាយ៕