(ភ្នំពេញ)៖ លោក សន សុផល អគ្គនាយកដ្ឋានសុខមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងកម្មវិធីរបស់ «សមាគមផ្តល់រទេះរុញដើម្បីសង្គ្រោះ និងអភិវឌ្ឍន៍» រយៈពេល៣ឆ្នាំ។ ពិធិចុះហត្ថលេខានេះធ្វើឡើង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងពិធីនោះ លោក សន សុផល បានលើកឡើងថា ក្រសួងសង្គមកិច្ច បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានាន ជូនជនមានពិការភាពប្រកបដោយ ភាពស្មើមុខស្មើមាត់ និងគ្មានការរើសអើង ដូចជាប្រជាពលរដ្ឋទូទៅ។

លោកបានបន្តថា ជាក់ស្តែងការអនុវត្តក្របខណ្ឌជាតិគាំពារសង្គម និងរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ពិតជាមានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយ និងទប់ស្កាត់ ភាពក្រីក្រ ភាពងាយរងគ្រោះរបស់ជនមានពិការភាព វិសមភាព និងបង្កើនលទ្ធភាពទទួលបានសេវាជំនួសង្គម ដូចជាការព្យាបាលដោយឥតគិតថ្លៃ ការអប់រំពិសេស និងការអប់រំបញ្ចូលគ្នា សម្រាប់ជនមានពិការភាព បង្កើតមុខរបរ និងការងារធ្វើ ការស្តារលទ្ធភាពពលកម្មសម្បទា និងសេវាសាធារណៈជាច្រើនទៀតជូនបងប្អូនមានភាពពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិតរបស់យើង។

លោក សន សុផល បានបន្ថែមថា បច្ចុប្បន្ន ជនមានពិការភាពមិនត្រូវបានគេរើសអើង និងត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ប្រកបដោយសមភាព និងបរិយាបន្ន ក្នុងការរួមចំណែកលើកកម្ពស់គុណភាព សេវាគាំពារសុខុមាលភាព ជនមានពិការភាពតាមរយៈការផ្តល់ឱកាស ក្នុងការបម្រើការងារនៅតាមស្ថាប័ន និងក្នុងវិស័យឯកជន។

លោកបញ្ជាក់ថា ក្រសួងសង្គមកិច្ច បាននឹងកំពុងជំរុញការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មពិការភាពឲ្យមានសន្ទុះគួរឲ្យកត់សំគាល់ ក្នុងនោះចំនួនជនមានពិការភាពរហូតដល់ជាង២៦ម៉ឺននាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្ម ដោយជនបង្គោល ឃុំ សង្កាត់ និងបានបោះពុម្ពបណ្ណសម្គាល់ជនមានពិការភាពជាង២០ម៉ឺនបណ្ណជូនជនមានពិការភាពរបស់យើង។ តែទោះជាយ៉ាងណាសកម្មភាពនេះ នៅតែបន្តរហូតដល់ក្រុមគោលដៅរបស់យើងទទួលបានការកំណត់អត្តសញ្ញណកម្មគ្រប់គ្នា ដើម្បីជាប្រយោជន៍សម្រាប់ជនមានពិការភាពទូទៅ​ដោយមិនបានប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ។

គួរបញ្ជាក់ថា «សមាគមផ្តល់រទេះរុញដើម្បីសង្រ្គោះ និងអភិវឌ្ឍន៍» បានជួយសម្រួល និងផ្តល់លទ្ធភាព ឬបង្កលក្ខណៈងាយស្រួលក្នុងការបម្លាស់ទី និងអាចចូលរួមសកម្មភាពក្នុងសង្គមដោយគ្មានឧបសគ្គសម្រាប់ជនមានពិការភាព ដោយអនុវត្តនៅក្នុងមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង និងមានវិសាលភាពគ្រប់ដណ្តប់ក្នុងតំបន់គោលដៅនៅទូទាំងប្រទេសកម្ពុជា។ ចំពោះថវិកាគម្រោងសរុប ២០១ ០៩០ដុល្លារ សម្រាប់អនុវត្តគម្រោងរយៈពេល៣ឆ្នាំ៕