(កំពង់ឆ្នាំង)៖ កូនឈើចម្រុះប្រភេទព្រៃលចទឹកចំនួនជាង ២០០០ដើម ត្រូវបានមន្ត្រីរដ្ឋបាលជលផលនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រួមនិងអាជ្ញាធរស្រុកបរិបូរណ៍ មន្ត្រីរាជការជុំវិញស្រុកកងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋ សិស្សានុសិស្ស រួមទាំងក្រុមយុវជនជាច្រើននាក់ទៀត នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានដឹកជញ្ជូនយកទៅដាំឡើងវិញនៅក្នុងដីព្រៃលិចទឹកតំបន់៣ ដោយបានដាំនៅលើផ្ទៃដី ទំហំ៥ហិកតា ជាដីដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ជូនមករាជរដ្ឋាភិបាលវិញកន្លងមក ស្ថិតក្នុងភូមិសេះស្លាប់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

លោក ឈឹម បាន មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដែលចូលរួមដាំកូនឈើព្រៃលិចទឹក បានឱ្យដឹង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះថា កូនឈើជាង២០០០ដើម ដែលជាកូនឈើព្រៃលិចទឹកខាងលើនេះ គឺជាប្រភេទឈើចម្រុះមានដូចជាកូនរាំង និងកូនម្តេញ ដែលជារុក្ខជាតិលិចទឹកទាំងនេះវាអាចលូតលាស់ក្នុងទឹកបាន ហើយកូនឈើទាំងអស់នេះដែរ បានមកពីគម្រោង (អ៉ីយូ) ផ្ដល់ជូនតាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងបានយកមកដាំឡើងវិញនៅក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ដើម្បីទុកជាជម្រកត្រីពងកូន និងបង្កើតជាអត្ថប្រយោជន៍ជាច្រើនទៀត។

លោកបានបន្តថា ព្រោះកន្លងមកដោយសារតែមា នការកាប់ឆ្កា និងឈូសឆាយបំផ្លិចបំផ្លាញពីជនខិលខូចស្ទើក្លាយជាវាលអាហោស្ថានអស់ទៅហើយនោះ។ ប៉ុន្តែបន្ទាប់ពីរាជរដ្ឋាភិបាលបានដកហូតមកទុកជាសម្បត្តិរដ្ឋវិញ ដីព្រៃលិចទឹកតំបន់៣ភាគច្រើនត្រូវបានដាំព្រៃឈើលិចទឹកឡើងវិញ។ គឺជាប្រយោជន៍ស្ដារឡើងវិញនូវដីដែលរងការខូចខាត និងដើម្បីបង្កើតជាជម្រកយ៉ាងស្ដុកស្ដម្ភរបស់បក្សី និងសត្វគ្រប់ប្រភេទដែលមានជីវិតរស់នៅ ដោយយកវារីសត្វជាចំណីអាហារ។

នៅក្នុងពិធីដាំកូនឈើនាឱកាសនោះផងដែរ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រួមនឹងអាជ្ញាធស្រុកបរិបូរណ៍ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបញ្ឈប់ការកាប់បំផ្លាញ រុករានទន្ទ្រានព្រៃលិចទឹកយកមកធ្វើជាកម្មសិទ្ធិ ជាបន្តទៀត ព្រោះព្រៃលិចទឹកវាជាជម្រកយ៉ាងសំខាន់ ជាប្រភពផ្ដល់ចំណី និងជាកន្លែងពងកូនយ៉ា ងកក់ក្តៅរបស់ហ្វុងមច្ឆាជាតិ និងវារីសត្វផ្សេងៗទៀត ដែលជាធនធានជលផលព្រោះថា នៅក្នុងព្រៃលិចទឹកមានចំណីធម្មជាតិយ៉ាង សម្បូរបែបដែលអាចបំប៉នជីវៈចម្រុះជាធនធានជលផលខាងលើនេះឱ្យមានការរីកចម្រើនច្រើន យ៉ាងឆាប់រហ័ស។

ព្រៃលិចទឹកបានផ្ដល់តាមរយៈសោភ័ណភាពធម្មជាតិរបស់វានូវទេសភាពយ៉ាងប្រណិតសម្រាប់ទាក់ទាញភ្ញៀវទេសចរក្នុងការដើរកម្សាន្តហើយព្រៃលិចទឹកមួយចំនួនទៀត ក៏ត្រូវបានប្រើប្រាស់ជាឱសថយ៉ាងសំខាន់សម្រាប់ព្យាបាលរោគថែមទៀតផងដែរ៕