(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុង តំបន់ការពារធម្មជាតិ។ ខណៈដែលក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញតំបន់ការពារធម្មជាតិចំនួន ២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ នៃតំបន់ការពារធម្មជាតិទាំង ៧៣កន្លែង។

ពិធី «ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុង តំបន់ការពារធម្មជាតិ» បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។

ថ្លែងទៅកាន់អង្គពិធី លោកស្រី ភឿង សកុណា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងទាំង២ ក្នុងគោលបំណងចូលរួមថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ដែលមានទីតាំងស្ថិតក្នុងតំបន់ការពារធម្មជាតិ និងជាតឹងតាងប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ ប្រពៃណីទំនៀមទំលាប់សាសនា និងព្រលឹងដូនតា បុព្វបុរសខ្មែរ តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ។

ជាមួយគ្នានេះដែរ លោកស្រី ភឿង សកុណា ក៏បានស្នើឱ្យមានកិច្ចសហការគ្នាជាបន្តលើការងារថែរក្សា ការពារបេតិកភណ្ឌវប្បធម៌ដែលមានក្នុងតំបន់ការពារធម្មជាតិដោយត្រូវសហការសិក្សាស្រាវជ្រាវ កំណត់ព្រំប្រទល់ការពារ បោះបង្គោលព្រំ និងជួយអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន។

លោក សេង សោត អគ្គនាយករង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិក្រសួងបរិស្ថាន បានបញ្ជាក់ថា សមិទ្ធផលដ៏ត្រចះត្រចង់ អាចលេចចេញជារូបរាងបាននាពេលនេះ ក៏ដោយសារតែគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ការចង្អុលបង្ហាញ និងការណែនាំរបស់ លោករដ្ឋមន្ត្រី សាយ សំអាល់ និងមានកិច្ចសហការល្អពីក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានធ្វើការយ៉ាងជិតស្និតជាមួយគ្នា ប្រកបដោយស្មារតី ទទួលខុសត្រូវ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។

សូមបញ្ជាក់ថា នៅក្នុងចំណោមតំបន់ការពារធម្មជាតិទាំង ៧៣កន្លែង ក្រុមការងារបានរកឃើញតំបន់ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ ដោយមិនរាប់បញ្ចូលតំបន់ការពារទេសភាពអង្គរ តំបន់ការពារទេសភាពព្រះវិហារ និងតំបន់ការពារទេសភាពសម្បូរព្រៃគុក ដែលមានព្រះរាជក្រឹត្យ និងមានអង្គភាពគ្រប់គ្រងដោយឡែករួចទៅហើយ។ សំខាន់ជានេះទៅទៀត ក្រុមការងារបានរកឃើញចំនួនទីតាំងបេតិកភណ្ឌវប្បធម៌ នៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដូចបានគោរពជម្រាបជូនខាងលើ មានចំនួនកើនឡើង បើប្រៀបធៀបជាមួយទិន្នន័យដែលបាន ស្រាវជ្រាវ និងធ្វើការផ្សព្វផ្សាយកន្លងមក ដោយសាលាបារាំងចុងបូព៌ា (Ecole Francaise Extreme- Orient)។ ជាក់ស្តែង ក្រុមការងារបានរកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ ដែលមាន ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានចំនួនរហូតដល់ទៅ១០៦៩កន្លែង។

គួរបញ្ជាក់ថា នៅអាណត្តិទីមួយនៃព្រះរាជាណាចក្រកម្ពុជាទី២ រាជរដ្ឋាភិបាលបានបង្កើតតំបន់ការពារធម្មជាតិចំនួន ២៣កន្លែង តាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ ប៉ុន្តែ នេះមិនមែនមានន័យថា ព្រះរាជាណាចក្រកម្ពុជា ទើបចាប់ផ្តើមបង្កើតតំបន់ការពារធម្មជាតិនោះទេ។ ជាអាទិតំបន់អង្គរ ធ្លាប់មានងារជាឧទ្យានជាតិតាំងពីឆ្នាំ១៩២៥មកម៉្លេះ ដែលជាតំបន់ការពារធម្មជាតិទី១ នៅកម្ពុជា ហើយក៏ជាតំបន់ការពារធម្មជាតិទី១នៅអាស៊ីអគ្នេយ៍ផងដែរ៕