(ភ្នំពេញ)៖ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោធីតា (TYDA) នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ លោក ផ្លោក ផន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដែលកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាននៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ថ្លែងក្នុងឱកាសនោះ លោក ចាយ បូរិន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេច លោក លោកស្រី ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោក ផ្លោក ផន និងក្រុមគ្រួសារ។
លោក ផ្លោក ផន បានលើកឡើងថា «ខ្ញុំបាទ និងក្រុមគ្រួសារ ពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយយើងខ្ញុំសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខរូបខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន»។
លោកបានបង្ហាញក្ដីរំភើប សប្បាយរីករាយ ចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅសួរសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ និងសូមគាំទ្រឲ្យបន្តសកម្មភាពជាប្រពៃណីនេះ ឲ្យបានកាន់តែច្រើនជាបន្តទៀត។
លោកមានក្តីសប្បាយរីករាយ និងសូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជាទូទាំងប្រទេស ចំពោះពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី៧ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
លោក ផ្លោក ផន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព មានការអភិវឌ្ឍកាន់តែរីកចម្រើន ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តក្រោមម្លប់សន្តិភាព។
លោកបានរៀបរាប់ពីប្រវត្តិការងារថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានចូលបម្រើការងារនៅខេត្តតាកែវ ធ្វើជាប្រធានឃុំក្រុមឃោសនាប្រដាប់អាវុធ អនុប្រធានឃោសនាអប់រំ សមាជិករដ្ឋសភា សមាជិកគណៈកម្មាធិការបក្ស សមាជិកគណៈកម្មាធិការខេត្ត ប្រធានមន្ទីរបក្សខេត្ត អនុប្រធានផែនការខេត្ត ប្រធានឃោសនាអប់រំខេត្ត អភិបាលស្រុកបាទី ឧត្តមមន្ត្រីនៃក្រសួងមហាផ្ទៃ អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន បានប្រគល់ជូនវត្ថុអនុស្សារីយ៍ជាអំណោយរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោក ផ្លោក ផន និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់រក្សាលោកមានសុខភាពល្អ ជន្មាយុយឺនយូរ និងជួបតែនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕