(ភ្នំពេញ)៖ បុរសម្នាក់កាំបិតចាក់សម្លាប់ប្រពន្ធក្នុងបន្ទប់ដេក បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបីកូនអាយុ៦ឆ្នាំជិះម៉ូតូគេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាកើតហេតុប្រហែលម៉ោង១០យប់ គេលឺសំឡេងស្ដ្រីជាប្រពន្ធ បានស្រែកយំ និងហៅឲ្យគេជួយ។ ពេលនោះអ្នកជិតខាងនាំគ្នារត់ទៅមើលឃើញស្ដ្រីរងគ្រោះដេកដួលឈាមពេញខ្លួន ហើយបាត់កូនប្រុសម្នាក់ ឃើញតែកូនស្រីនៅជាមួយជនរងគ្រោះ ហើយអ្នកជិតខាងបានសួរនាងតូចបានប្រាប់ថា «ប៉ាវៃម៉ាក់»។ ភ្លាមនោះ អ្នកជិតខាងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ នៅក្បែរផ្ទះ ហើយទទួលព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែសីហាា ឆ្នាំ២០២៣នេះ ជនរងគ្រោះបានស្លាប់បាត់ហើយ។

ដោយឡែក ​បុរសជាប្ដីត្រូវបានគេស្គាល់ឈ្មោះ អុក អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ហើយប្រពន្ធក៏ជាជនជាតិវៀតណាមដូចគ្នាដែរ។ បច្ចុប្បន្នពួកគេមានកូន២នាក់ ហើយកូនប្រុសម្នាក់អាយុប្រហែល៦ឆ្នាំ ត្រូវបានឪពុកដែលជាជនដៃដល់នាំយកទៅជាមួយ នៅពេលរត់គេចខ្លួនក្រោយចាក់ប្រពន្ធ៕