(ភ្នំពេញ)៖ សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កា ព្រះកុសុមារាម ប្រគល់ទូបូរាណមួយ មកឲ្យលោក ឆាំង យុ ស្ថាបនិកបណ្ណាល័យសម្ដេចម៉ែ ដើម្បីជួសជុលយកមកប្រើប្រាស់តម្កល់ឯកសារនានា ដែលប្រទានដោយសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

ឃើញមានស្លាកនៅសេសសល់ភ្ជាប់នឹងទូវ័យចំណាស់មួយនេះ ដែលបានផ្ដល់ព័ត៌មានថា ធ្វើឡើងនៅក្នុងឆ្នាំ១៩២៧ ត្រូវនឹងឆ្នាំថោះ ហើយព្រមទាំងមានដាក់ផងដែរថា ទូនេះមានតម្លៃ១៦២រៀល កាលពីជំនាន់នោះ។

លោក ឆាំង យុ សូមសម្ដែងនូវការដឹងគុណ ចំពោះការប្រគល់វត្ថុដែលមានតម្លៃជាប្រវត្តិសាស្រ្តនេះ ដែលសម្ដេចចៅអធិការ និងមន្រ្តីសង្ឃវត្តលង្កាទាំងអស់ បានប្រគល់មកបណ្ដាល័យសម្ដេចម៉ែ ដើម្បីតម្កល់ឯកសារ និងរក្សាទុកឲ្យបានគង់វង្សល្អ។

អំណោយទាំងឡាយដែលមានតម្លៃ ចំពោះការងារវាមានសារសំខាន់មិនត្រឹមតែជាវត្ថុអំណោយ ដល់បណ្ណាល័យសម្តេចម៉ែប៉ុណ្ណោះទេ ប៉ុន្តែថែមទៀតផងនោះ វាគឺជាអំណោយដល់សាធារណជន និងកូនចៅជំនាន់ក្រោយ ដែលអាចទទួលបាននូវចំណេះចេះដឹង រៀនសូត្រអំពីមរតកវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសកម្ពុជា៕