(ភ្នំពេញ)៖ អ្នកគ្រូ ហៃ ចរិយា ជាគ្រូបង្រៀនកម្ពុជាដ៏ឆ្នើមមួយរូប ត្រូវបានមូលនិធិពានរង្វាន់ សម្តេចចៅហ្វាមហាចគ្រី នៃប្រទេសថៃ ជ្រើសរើសផ្ដល់ពាន់រង្វាន់១ម៉ឺនដុល្លារ ដែលជាគ្រូនាំមកនូវការផ្លាស់ប្តូរ ដល់ជីវិតសិស្សានុសិស្ស នៅក្នុងប្រទេសកម្ពុជា។
ក្នុងបទសម្ភាសន៍អំពីព័ត៌មានលំអិត នៃពានរង្វាន់សម្តេចចៅហ្វាមហាចគ្រី នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅស្ថានទូតថៃប្រចាំកម្ពុជា គណៈកម្មាធិការមូលនិធិ នៃពានរង្វាន់នេះ បានថ្លែងថា ពានរង្វាន់នេះ គឺជាពានរង្វាន់លំដាប់អន្តរជាតិ ដើម្បីលើកតម្កើង កិត្តិយសដល់គ្រូឆ្នើម នៅកម្រិតសិក្សាថ្នាក់មូលដ្ឋាន នៃបណ្តាប្រទេសនានា នៅក្នុងអាស៊ាន និងទីម័រលេស ចំនួន១១ប្រទេស។
គណៈកម្មាធិការដដែល រូបនេះ បានបន្ថែមទៀតថា ការជ្រើសរើសធ្វើឡើង ដោយប្រកាន់តាមគោលការណ៍ គុណភាពនៃការអប់រំ ស្ថិតនៅលើគុណភាពគ្រូបង្រៀន គុណភាពគ្រូបង្រៀនមានឥទ្ធិពល ចំពោះការស្ថាបនា ធនធានមនុស្ស ដែលប្រកបដោយគុណភាព។
អ្នកគ្រូ ហៃ ចរិយា បានបញ្ជាក់ថា ការទទួលបានពានរង្វាន់ គ្រូបង្រៀនឆ្នើមនេះ គឺត្រូវបានសាលារៀន ធ្វើការវាយតម្លៃរហូតដល់ថ្នាក់ស្រុក មន្ទីរអប់រំខេត្ដ និងថ្នាក់ក្រសួងអប់រំ ចំពោះការបង្រៀន ជាច្រើនដំណាក់កាល។
ការជ្រើសរើស គ្រូពានរង្វាន់សម្ដេចចៅហ្វាមហាចក្រី លើកទី៥ ឆ្នាំ២០២៣នេះ គ្រូដែលត្រូវបានព្រះរាជទានពានរង្វាន់ គឺបានមកពីការចម្រាញ់ជ្រើសរើស របស់ក្រសួងអប់រំ នៅក្នុងអាស៊ាន និងទីម័រលេសទាំង១១ប្រទេស គឺជាគ្រូដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ជាគ្រូដែលនាំមកនូវការផ្លាស់ប្តូរ ដល់ជីវិតសិស្សានុសិស្ស និងមានគុណូបការៈចំពោះវិស័យអប់រំ ចំនួន១នាក់ ក្នុងមួយប្រទេស។
ពានរង្វាន់សម្តេចចៅហ្វាមហាចគ្រី គឺជាពានរង្វាន់ព្រះរាជទាន ដ៏ខ្ពង់ខ្ពស់បំផុតលំដាប់អន្តរជាតិ ដែលត្រូវបានផ្តល់ជូន ដើម្បីជាការលើកតម្កើងកិត្តិយសដល់គ្រូឆ្នើមនៅកម្រិតការសិក្សាថ្នាក់មូលដ្ឋាននៃបណ្តាប្រទេសសមាជិកអាស៊ាន និងទីម័រខាងកើត សរុបចំនួន១១ប្រទេស។
ពានរង្វាន់នេះ ដំណើរការតាមទស្សនាទាន គុណភាពការសិក្សាអាស្រ័យលើគុណភាពគ្រូបង្រៀន គុណភាពគ្រូបង្រៀន នឹងជួយស្ថាបនាធនធានមនុស្ស ដែលពោរពេញដោយគុណភាព ព្រមទាំង ដើម្បីលើកតម្កើតកិត្យានុភាព នៃព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន ដែលព្រះអង្គមានព្រះបញ្ញាញាណវៀងវៃ និងមានព្រះគុណូបការៈដ៏ធំធេងលើវិស័យអប់រំទាំងក្នុង និងក្រៅប្រទេស។
សូមបញ្ជាក់ថា អ្នកគ្រូ ហៃ ចរិយា មានទីលំនៅក្នុងភូមិបឹង ឃុំជំរះពេន ស្រុកសំរោង ខេត្ដតាកែវ គឺជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា នៅសាលាវិទ្យាល័យ សុខអាន សំរោង ស្រុកសំរោង ខេត្ដតាកែវ។ កម្មវិធីប្រគល់រង្វាន់ នឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
មូលនិធិពានរង្វាន់ សម្ដេចចៅហ្វាមហាចក្រី មានការសហការរួមជាមួយ អគ្គលេខាធិការដ្ឋានក្រមប្រឹក្សាគ្រូ នៃក្រសួងអប់រំ មូលនិធិដើម្បីសមភាពនៃការអប់រំ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងអង្គភាពផ្សេងៗ ដែលពាក់ព័ន្ធនៃប្រទេសថៃ។ ពានរង្វាន់នេះ ត្រូវបានប្រកាសជាលើកដំបូង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ និងមានការចម្រាញ់ជ្រើសរើសរៀងរាល់២ឆ្នាំម្តង៕