(ភ្នំពេញ)៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបង្កើតឡើងដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការចុះអប់រំផ្សព្វផ្សាយផ្ទាល់ និងប្រយោលដល់សហគមន៍ ពីការបង្ការ ការពារ ទប់ស្កាត់នូវជំងឺឆ្លង និងមិនឆ្លងនៅកម្ពុជា។

ជាក់ស្ដែងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងក្រុមការងារ បានចុះអប់រំផ្សព្វផ្សាយស្ដីពី «លើកកម្ពស់ការយល់ដឹង ការបង្ការ ការចម្លងមេរោគអេដស៍ និងកាមរោគ ក្នុងចំណោមយុវជន» ដល់និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រមាណ២០០នាក់ ដែលធ្វើឡើងនៅសាលសន្និសីទនៃវិទ្យាស្ថាន។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា នេះជាផ្នែកមួយនៃសកម្មភាពក្នុងការងារប្រចាំខែរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ហើយថ្ងៃនេះចុះមកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជ្រើសយកនិស្សិតឆ្នាំទី១ ក្នុងការអប់រំផ្សព្វផ្សាយការលើកកម្ពស់ការយល់ដឹង ពីការបង្ការការចម្លងមេរោគអេដស៍នៅកម្ពុជា ដើម្បីរួមចំណែកឈានទៅសម្រេចនូវទិសដៅយុទ្ធសាស្ដ្រ បញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។

លោកស្រីបានបន្ដថា «មូលហេតុដែលជ្រើសយកនិស្សិតឆ្នាំទី១ ក្នុងការអប់រំផ្សព្វផ្សាយ ដោយសារតែបច្ចុប្បន្ន អត្រាអ្នកឆ្លងមេរោគអេដស៍មានការកើនឡើង ដោយនៅឆ្នាំ២០២១ អ្នកឆ្លងមេរោគអេដស៍ក្នុងចំណោមយុវជនមានចំនួន ១,១០០នាក់ប៉ុណ្ណោះនៅទូទាំងប្រទេស ប៉ុន្ដែនៅឆ្នាំ២០២២ តួលេខនៃការឆ្លងមានការកើនឡើងរហូតដល់ទៅ ១,៤០០នាក់ ហើយភាគរយខ្ពស់ គឺនៅស្រទាប់យុវជន អាយុពី១៤-២៥ឆ្នាំ ដូច្នេះនិស្សិតទាំងនេះគឺឋិតនៅក្នុងគោលដៅយើង។ ដូច្នេះយុវជន ជាផ្នែកមួយដែលត្រូវតែទទួលបានការការអប់រំផ្សព្វផ្សាយ ហើយគាត់ជាអ្នកដើរតួដ៏សំខាន់ ក្នុងការចែករំលែកពីការបង្ការពីមេរោគអេដស៍នេះ ទៅមិត្ដភក្ដិរបស់គាត់ ព្រោះយុវជនជាអ្នកមិត្ដអប់រំមិត្ដ និងអាចអូសទាញ និងក្រើនរលឹកដល់មិត្ដគាត់បានច្រើនបំផុត»

លើសពីនោះការអប់រំនេះ គឺមានសារៈប្រយោជន៍ណាស់ ក្នុងការបង្ការខ្លួនគាត់ មិត្ដភក្ដិ និងគ្រួសារគាត់ពីជំងឺអេដស៍ និងកាមរោគផ្សេងៗទៀត។ ជំងឺអេដស៍ភ្លេចខ្លួនតែមួយភ្លែត នឹងមានបញ្ហាកើតឡើងពេញមួយជីវិត ព្រោះជំងឺនេះមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ មិនដូចជាជំងឺកូវីដ១៩នោះដែរ ព្រោះជំងឺកូវីដ១៩ មានវ៉ាក់សាំងបង្ការ និងវិធីបង្ការការពារ គ្រាន់តែលាងដៃនឹងសាប៊ូ អាកុល ឬជែល និងប្រើម៉ាសជាដើម។ លោកស្រីបន្ដថា ដូច្នេះហើយបានជាក្រុមការងារតែងតែចុះអប់រំផ្សព្វផ្សាយជារឿយៗ និងបន្ដចុះធ្វើការងារនេះជាបន្ដបន្ទាប់ទាំងនៅរាជធានី និងតាមបណ្ដាខេត្ដ។

ទន្ទឹមនឹងនោះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានអំពាវនាវដល់យុវជននៅក្នុងវ័យសិក្សា ត្រូវខិតខំរៀនសូត្រ កុំភ្លើតភ្លើននឹងស្នេហា មានដៃគូច្រើន បើមានត្រូវស្មោះមួយនឹងមួយ ហើយបើមានការលើសលួស សូមប្រើស្រោមអនាម័យ ដើម្បីបង្ការជំងឺអេដស៍ និងកាមរោគផ្សេងៗ។ លោកស្រីក៏បានផ្ដាំផ្ញើដល់យុវជនផងដែរ សូមកុំមានការរើសអើងចំពោះអ្នកដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ហើយរួមគ្នាលើកទឹកចិត្ដដល់ពួកគាត់ ដើម្បីឱ្យមកទទួលការព្យាបាលដោយឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព និងមន្ទីរបង្អែក នៅតាមភូមិឋានដែលពួកគាត់រស់នៅ។

ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ស្រោមអនាម័យនេះផងដែរ លោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏បានធ្វើបទបង្ហាញរំលេចជូននិស្សិតឱ្យដឹងពីប្រភេទស្រោមអនាម័យដែលមានសុវត្ថិភាព ក្នុងការបង្ការ និងការពារពីការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ ចៀសវាងជ្រើសខុស ធ្វើឱ្យឆ្លងនូវមរោគទាំងនោះ។

លោកបន្ដថា «មានប្រភេទស្រោមអនាម័យការពារ កុំឱ្យឆ្លងជំងឺអេដស៍ និងជំងឺកាមរោគ ហើយក៏មានស្រោមអនាម័យផ្សេងទៀត ដែលប្រើសម្រាប់តែសេចក្ដីសប្បាយ ។ ប្រភេទស្រោមដែលអាចការពារយើងពីការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគបាន គឺប្រភេទស្រោមអនាម័យ ដែលមានជាតិឡាតិច ជាស្រោមអនាម័យមានថង់ប្លាស្ទិករលោង ស្ដើង ហើយមានទឹករំអិល ឧទាហរណ៍ ដូចជាស្រោមអនាម័យ Number 1 ដែលប្រើទៅមានសុវត្ថិភាព និងបង្ការយើងពីការចម្លងមេរោគអេដស៍ និងកាមរោគ ប៉ុន្ដែស្រោមអនាម័យផ្សេងទៀត ដូចជាប្រភេទកាំជ្រួញ ស្បែកគីង្គក់ គ្រើមៗ ប្រភេទរោមសត្វនានា គឺបានតែបំពេញសេចក្ដីសប្បាយ តែមិនបានការពារអ្នកជំងឺអេដស៍ និងកាមរោគនោះទេ»

ការអប់រំផ្សព្វផ្សាយនេះ បានធ្វើឲ្យនិស្សិតដែលបានចូលរួមមានការយល់ដឹងកាន់តែច្បាស់ពីបញ្ហាអេសដ៍ ហើយបានបង្ហាញពីការពេញចិត្ដយ៉ាងខ្លាំង។

និស្សិតឈ្មោះ ឡាយ តុងស៊ីង ក្នុងចំណោមនិស្សិតដែលបានចូលរួមវគ្គអប់រំផ្សព្វផ្សាយខាងលើនេះ បានឲ្យដឹងថា លោកបានពិតជាសប្បាយរីករាយណាស់ ដែលបានចូលរួមការអប់រំផ្សព្វផ្សាយនេះ ដែលបានផ្ដល់ចំណេះដឹងដ៏ល្អ និងមានសារៈសំខាន់ខ្លាំងណាស់ ពិសេសចំពោះយុវវ័យនេះតែម្ដង ដែលត្រូវតែយល់ដឹង ដើម្បីរួមគ្នាបង្ការ ការពារ ពីជំងឺដ៏កាចសាហាវមួយនេះ។

និស្សិត ឡាយ តុងស៊ីង បានបន្ដថា «ក្នុងនាមខ្ញុំជាយុវជន គឺមានការចាប់អារម្មណ៍នឹងប្រធានបទនេះខ្លាំងមែនទែន គឺបានផ្ដល់ចំណេះដឹងច្រើនដល់យុវជន ព្រោះយុវជនជាវ័យមួយដែលអាចពាក់ព័ន្ធនឹងបញ្ហានេះជាច្រើន ទៅនឹងការជំងឺកាមរោគ និងជំងឺអេដស៍ ជាបញ្ហាធំដែលយុវជនគួរតែមានការយល់ដឹងកាន់តែច្បាស់ ដើម្បីចូលរួម​កាត់បន្ថយការចម្លងមេរោគអេដស៍ និងកាមរោគផ្សេងៗនៅកម្ពុជា។

លើសពីនោះ និស្សិតរូបនេះ ក៏បានប្ដេជ្ញាថា ចំណេះដឹងដែលទទួលបាននៅថ្ងៃនេះ នឹងបន្ដផ្សព្វផ្សាយជូនដល់ក្រុមនិស្សិតផ្សេងទៀត ដើម្បីយល់ច្បាស់ពីវ័យដែលត្រូវការរួមភេទ និងពីវិធីការបង្ការការពារកុំឱ្យឆ្លងមេរោគអេដស៍ និងកាមរោគផ្សេងៗ តាមរយៈការប្រើប្រាស់ស្រោមអនាម័យដែលមានគុណភាព និងសុវត្ថិភាព។ ក្នុងនោះនិស្សិតផ្សេងៗទៀត ដែលបានចូលរួមក្នុងវគ្គសិក្សាខាងលើនេះ ក៏មានការប្ដេជ្ញាខ្ពស់ដូចគ្នាផងដែរ៕