(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់សាធារណជន ពិសេសម្ចាស់នាវាគ្រប់ប្រភេទរួមមាន ទូក កាណូត កប៉ាល់ សាឡង់ ជ្រាបថា អគ្គិសនីកម្ពុជាបានសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុង២២គីឡូវ៉ុល និង ៣៥គីឡូវ៉ុលតាមតំបន់ភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង រួមមានខ្សែបណ្តាញអាកាស និងខ្សែកប់ក្រោមបាតសមុទ្រ ឆ្លងកាត់ កោះទទឹង កោះស្តេច កោះសាមិត កោះអំពិលតូច កោះអំពិលធំកោះស្មាច់ កោះស្រមោច កោះម្នាស់ កោះតាទាម និងកោះរ៉ុង ដោយបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ។
ដើម្បីបញ្ចៀសផលប៉ះពាល់លើខ្សែបណ្តាញអគ្គិសនី ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់សាធារណជន ពិសេសម្ចាស់នាវាគ្រប់ប្រភេទ រួមមាន ទូក កាណូត កប៉ាល់ សាឡង់ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដាកោះមួយចំនួនដូចខាងលើក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ហាមបោះយុថ្កានៅទីតាំងគន្លងខ្សែ និងរក្សាគម្លាតប្រមាណ ២០០ម៉ែត្រ ពីគន្លងខ្សែកប់ក្រោមសមុទ្រ។
ដូចបានជំរាបជូនខាងលើ សូមពិនិត្យគំនូសប្លង់ហាមធ្វើការនេសាទ និងចតនាវា លើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រដែលបានភ្ជាប់មកជាមួយ ឱ្យបានច្បាស់លាស់មុននឹងបោះយុថ្កា៕