(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរ លោកស្រី Carmen MORENO ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាចប់អាណត្តិ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើរ និងជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា។ ការវាយតម្លៃនេះត្រូវបានលើកឡើងក្នុងឱកាសនៃជំនួបជម្រាបលារបស់លោកស្រីឯកអគ្គរដ្ឋទូត នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការរីកចម្រើនយ៉ាងច្រើននៃទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ជាពិសេសក្នុងបរិបទដ៏ស្មុគស្មាញនៃការរាតត្បាតជំងឺកូវីដ១៩។ លោកស្រីឯកអគ្គរដ្ឋទូត MORENO បានចូលរួមក្នុងការសម្របសម្រួលជំនួយអភិវឌ្ឍន៍ពីសហភាពអឺរ៉ុប និងរដ្ឋជាសមាជិក រួមមានការផ្ដល់វ៉ាក់សាំង ហិរញ្ញប្បទានឥតសំណង និងឥណទាន សរុបជាទឹកប្រាក់ ៤៩៩ លានអឺរ៉ូ សម្រាប់គោលដៅកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺឆ្លងនេះ ព្រមទាំងជួយដល់ការស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងសហការរបស់សហភាពអឺរ៉ុប ក្នុងការជួយស្តារប្រទេសកម្ពុជាឡើងវិញក្រោយពីសង្គ្រាម។ ភាពជាដៃគូនេះរួមមានគំនិតផ្តួចផ្តើមជាច្រើន ដូចជាការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យកសិកម្ម ការគ្រប់គ្រងការផ្លាស់ទីលំនៅ ធនធានមនុស្ស និងការបោសសំអាតគ្រាប់មីន ដែលបានរួមចំណែកដល់ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ នៅកម្ពុជា។
ទន្ទឹមនឹងការកត់សម្គាល់អំពីទស្សនៈផ្សេងគ្នា លើកិច្ចការជាក់លាក់មួយចំនួន ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការវិវត្តគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ នៅក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប រួមទាំងកិច្ចសន្ទនាកម្រិតខ្ពស់ញឹកញាប់ ដែលបានលើកកម្ពស់នូវការយល់ដឹងប្រសើរ និងការប្រែប្រួលនូវការយល់ឃើញចំពោះកម្ពុជា។ សមិទ្ធផលវិជ្ជមានទាំងនេះបង្កើតជាមូលដ្ឋានរឹងមាំសម្រាប់ការធ្វើពិពិធកម្មនៃភាពជាដៃគូនាពេលអនាគត។ សហភាពអឺរ៉ុបបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ ប៊ីលានអឺរ៉ូ ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដូចបានលើកឡើងនៅក្នុង «យុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួម ឆ្នាំ២០២១-២០២៧»។ បន្ថែមលើនេះ ភាគីទាំងពីរទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំលើកទី១២នៃគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ក្នុងឆ្នាំនេះ ដើម្បីដាក់ចេញនូវផែនការសកម្មភាពសំដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហការពហុវិស័យ។
លោកស្រីឯកអគ្គរដ្ឋទូត MORENO បានកោតសរសើរដល់ភាពប៉ិនប្រសប់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២ រួមទាំងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ប្រកបដោយជោគជ័យ ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ៕