(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហោះសារជម្រាបលាប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺទាំងអស់ ក្នុងតំណែងជាអ្នកតំណាងរាស្ដ្រខេត្តមួយនេះ អស់រយៈពេល១០ឆ្នាំ ដើម្បីទៅបំពេញភារកិច្ចនៅស្ថាប័នផ្សេង។

តាមរយៈសារនៅលើបណ្ដាញសង្គម លោក ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖

«ក្នុងរយៈកាល១០ឆ្នាំ នៃតួនាទីជាតំណាងរាស្រ្តក្នុងមណ្ឌលខេត្តកំពង់ស្ពឺ ខ្ញុំបានទទួលនូវក្តីស្រលាញ់ ជំនឿជាក់ ជាពិសេស ឱកាសនៃការចូលរួមចំណែកក្នុងការកសាង អភិវឌ្ឍន៍ខេត្តយ៉ាងរីកចម្រើន។ លើសពីកិត្តិយសដែលបានបម្រើប្រជាជនខេត្តកំពង់ស្ពឺ ខ្ញុំបានរៀនសូត្រជាច្រើនពីការងារទាំងអស់នេះ ពីអ៊ុំ ពូមីង បងប្អូន ជាមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់នូវដំបូន្មានល្អ ភាពកក់ក្តៅ ការប្រាស្រ័យទាក់ទងល្អ ជាពិសេសគឺបទពិសោធន៍ដ៏មានតម្លៃពីការធ្វើការងារជាមួយអ៊ុ ពូ មីង ដោយផ្ទាល់នៅគ្រប់ជាន់ថ្នាក់។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧កន្លងទៅនេះ បានសរបញ្ជាក់ឲ្យឃើញពីទឹកចិត្តស្រលាញ់ អាណិត ជឿទុកចិត្តយ៉ាងពេញទំហឹងពីបងប្អូនអ្នកខេត្តកំពង់ស្ពឺ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងអត្រាខ្ពស់ នាំឱ្យគណបក្សអាចរក្សាប្រៀបឈ្នះ និងទទួលបានអាសនៈ ៦ លើ៦។ ខ្ញុំពិតជាគ្មានអ្វីដើម្បីថ្លែងអំណរគុណចំពោះការផ្តល់សេចក្តីទុកចិត្តនេះ ក្រៅពីខិតខំប្រឹងប្រែងធ្វើការបម្រើលោកយាយ លោកតា អ៊ុ ពុកម៉ែ មាមីងបងប្អូនកាន់តែទ្វេដង។

ក្នុងនីតិកាលថ្មីនេះ បើទោះបីជាខ្ញុំត្រូវបានចាត់តាំងទៅបំពេញភារកិច្ចនៅស្ថាប័នផ្សេងក៏ដោយ ក៏បេះដូង ការបំពេញការងារ និងការប្តេជ្ញាចិត្តរបស់ខ្ញុំនឹងបន្តនៅជាមួយអ្នកខេត្តកំពង់ស្ពឺដដែល មិនប្រែប្រួលឡើយ»។

គួរជម្រាបថា ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនេះ លោក ហ៊ុន ម៉ានី នឹងត្រូវទៅកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ជំនួសលោក ព្រុំ សុខា៕