(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ បានចេញសេក្ដីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ច្បាស់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ ធ្វើឡើងតែ១លើកគត់ មិនមានការរៀបចំប្រឡង២លើកឡើយ។
ការបញ្ជាក់របស់ក្រសួងអប់រំយ៉ាងដូច្នេះ បន្ទាប់ពីសារព័ត៌មានមួយចំនួន បានចុះផ្សាយថា ការប្រឡងបាក់ឌុបឆ្នាំនេះ ធ្វើឡើងពីរលើក។
ក្រសួងអប់រំបានឲ្យដឹងថា បញ្ជាក់ជូនបេក្ខជន មាតាបិតា ឬអ្នកអាណាព្យបាលសិស្ស និងសាធារណជនមេត្តាជ្រាបថា ការប្រឡងបាក់ឌុបឆ្នាំនេះ ប្រព្រឹត្តទៅតែ១លើក នៅថ្ងៃ ទី២២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នាខាងមុខនេះ គ្មានលើកទី២នោះទេ។
ក្រសួងអប់រំបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ក្រសួងកំណត់យកពិន្ទុចំនួន២២៤ពិន្ទុ គឺជាប់។
សម្រាប់បេក្ខជនដែលឲ្យគេប្រឡងជំនួស ប្រសិនបើចាប់បានត្រូវធ្លាក់ឲ្យស្វ័យប្រវត្តិ និងហាមមិនឲ្យប្រឡងរយៈពេល២ឆ្នាំ។ ចំពោះជនដែលប្រឡងជំនួស នឹងត្រូវជាប់ទោស ពីបទក្លែងបន្លំឯកសារសាធារណៈ។ ដោយឡែកសម្រាប់ បេក្ខជនដែលយកគ្រឿងអេឡិចត្រូនិច ចូលមណ្ឌលប្រឡងនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ៕