(តូក្យូ)៖ យ៉ាងហោចណាស់មនុស្ស ៤៩នាក់បានរងរបួស ខណៈដែលព្យុះទីហ្វុង Lan ដ៏មានឥទ្ធិពលនៅថ្ងៃពុធនេះ បានវាយប្រហារប្រទេសជប៉ុនមុនពេលធ្វើដំណើរទៅកាន់សមុទ្រជប៉ុន ដោយនាំមកនូវភ្លៀងធ្លាក់ និងការខូចខាតដល់ផ្នែកជាច្រើននៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យបាននិយាយថា មនុស្សសរុបចំនួន ៤៩នាក់នៅក្នុងខេត្តចំនួន ៩ នៅកណ្តាលភាគខាងលិចប្រទេសជប៉ុន ត្រូវបានគេរាយការណ៍ថាបានរងរបួស រួមទាំងមនុស្ស ២៤នាក់នៅក្នុងខេត្ត Hyogo ខណៈផ្ទះចំនួន ១៤១ខ្នង ត្រូវបានខូចខាតផងដែរ។

ដោយសារភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាលប្រទេសជប៉ុននៅថ្ងៃពុធសប្តាហ៍នេះ សេវារថភ្លើងល្បឿនលឿនរវាងទីក្រុងតូក្យូ និងទីក្រុងហាកាតានៅភាគនិរតី នៃប្រទេសត្រូវបានផ្អាក។ គ្រួសារប្រហែល ៥០,០០០គ្រួសារ ត្រូវបានរងផលប៉ះពាល់ ដោយការដាច់ចរន្តអគ្គិសនីនៅក្នុងខេត្តជាច្រើន ដែលរងគ្រោះដោយព្យុះទីហ្វុង រួមមានដូចជាខេត្ត Wakayama, Osaka, Mie, Aichi, Tokushima និងខេត្ត Shizuoka។

ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា ព្យុះទីហ្វង់ Lan ដែលឥឡូវនេះត្រូវបានបន្ទាបទៅជាព្យុះត្រូពិច នឹងវាយប្រហារកោះហុកកៃដូនៅយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីវាធ្វើដំណើរទៅភាគខាងជើងឆ្ពោះទៅសមុទ្រជប៉ុន៕