(ភ្នំពេញ)៖ នៅក្នុងជំនួបរវាងឯកឧត្តមគតិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧ របស់កម្ពុជា ជាមួយលោក វ៉ាង យី ប្រមុខកាទូតកំពូលរបស់ចិន បានចាត់ទុកការអភិវឌ្ឍ វិស័យអគ្គសនី នៅកម្ពុជាជាអាទិភាព ជាពិសេស ការកសាងទំនប់វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងជាណិជ្ជកម្ម។
ចំណុចនេះបានទទួលការចាប់អារម្មណ៍ប្លែកពីជំនួបរវាងថ្នាក់ដឹកនាំកម្ពុជាមុនៗ ជាមួយថ្នាក់ដឹកនាំចិន ដែលតែងតែចាត់ទុកការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធជាអាទិភាព បន្ទាប់មកទើបអគ្គិសនី និងវិស័យផ្សេងៗទៀត។
លោក ពុយ គា ក្នុងនាមជាអ្នកជំនាញកិច្ចការអាស៊ាន និងកិច្ចប្រជុំអន្តរជាតិផ្សេងៗ បានកត់សម្គាល់ថា ជាការល្អ ដែលអាចមើលឃើញថា ប្រទេសកម្ពុជា នឹងរីកចម្រើនកាន់តែឆាប់រហ័ស ជាពិសេសទាក់ទងនឹងការអភិវឌ្ឍរោងចក្រ សហគ្រាសកាន់តែធំ ស្របជាមួយតម្លៃអគ្គិសនីកាន់ទាប និងទាក់ទាញអ្នកវិនិយោកកាន់តែច្រើន។
អ្នកជំនាញរូបនេះបានបញ្ជាក់ទៀតថា៖ «កាលណាតម្លៃអគ្គិសនីរបស់យើង នៅតែថ្លៃ នោះមិនអាចមានឧហ្សាហកម្មធន់មធ្យម ឬធន់ធ្ងន់បាននោះទេ យើងអាចមានតែធន់ស្រាលតែប៉ុណ្ណោះ។ អីចឹងពេលដែលភ្លើងកាន់តែថោក អ្វីៗនឹងកាន់តែប្រសើរសម្រាប់ជាតិ ទាំងការរស់នៅប្រចាំថ្ងៃ និងការអភិវឌ្ឍន៍ទូទៅទាំងអស់ ហើយកម្ពុជាដើរទៅមុខកាន់តែលឿន»។
សូមបញ្ជាក់ថា ការថ្លែងរបស់ឯកឧត្តមគតិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧នេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយលោក វ៉ាង យី ប្រមុខកាទូតកំពូលរបស់ចិន នាថ្ងៃទី១៣ ខែសីហា កន្លងទៅ៕