(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការ និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៣ ជាមួយសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ប្រារព្ធឡើងនៅសាលប្រជុំ នៃសាលារាជធានីភ្នំពេញ។

គោលបំណង នៃកិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីធ្វើបច្ចុប្បន្នភាពលទ្ធផលការងារដោះស្រាយ និងឆ្លើយតបបំភ្លឺសំណួរ សំណើ និងសំណូមពរមួយចំនួន នៅសេសសល់ ដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ កាលពីឆ្នាំ២០២២។

លើសពីនេះ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារមួយចំនួន ក្នុងការត្រៀមលក្ខណៈរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ ដែលគ្រោងចាប់ ផ្តើមប្រព្រឹត្តទៅនៅតាមខណ្ឌទាំង១៤ ចាប់ពីខែតុលា ឆ្នាំ២០២៣ តទៅ និងបានបែងចែកតួនាទីភារកិច្ចរបស់ក្រុមការងាររៀបចំ ធ្វើយ៉ាងណាឱ្យវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំ២០២៣នេះ អាចប្រព្រឹត្តទៅបាន ដោយរលូន និងទទួលបានសំណើ និងសំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងជីវភាពរស់នៅ និងបញ្ហាជួបប្រទះជាក់ស្តែងប្រចាំថ្ងៃ ដើម្បីបន្តធ្វើការដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ឆ្លៀតក្នុងឱកាសនេះលោក កើត ឆែ បានស្នើឱ្យរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបន្តខិតខំដោះស្រាយ និងពន្លឿនការឆ្លើយតបបំភ្លឺសំណួរ សំណើ និងសំណូមពរដែលស្របច្បាប់ ជូនប្រជាពលរដ្ឋឱ្យខាងតែបាន៕