(ព្រះសីហនុ)៖ កម្លាំងសមត្ថកិច្ចចំរុះខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ ដឹកនាំដោយតំណាងអយ្យការ បានបើកប្រតិបត្តិការ ត្រួតពិនិត្យទូកុងតឺន័រមួយគ្រឿង ដោយរកឃើញភ្លុកដំរី ជាច្រើនដើម ជិត១តោន ដែលក្រុមឈ្មួញ បាននាំចូលពីបរទេសមកកាន់កម្ពុជា។
លោក គិន លី ប្រធានទីស្នាក់ការគយកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បានបញ្ជាក់ថាគិតត្រឹមម៉ោង១២៖១៥នាទីរសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ចដែលចូលរួមក្នុងប្រតិបត្តិការ ចុះឆែកឆេរនេះ មិនទាន់បានបញ្ចប់នៅឡើយទេ ហើយជាលទ្ធផលនោះ គឺរកឃើញជាច្រើនដើម។
លោក គិន លី បានរំលឹកថា សម្រាប់ទូកុងតឺន័រមួយនេះ រួមជាមួយទូកុងតឺន័រផ្សេងទៀត ដែលលួចដឹកបង្កបភ្លុកដំរី ត្រូវបានបង្ក្រាប កាលពីដើមឆ្នាំ២០១៤មកម្ល៉េះ ហើយក្រុមជនល្មើស បានទុកចោលនៅកំពុងផែទើបនៅពេលនេះកម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការឆែកឆេរតែម្តង។
យ៉ាងណាក៏ដោយ លោកនឹងបង្ហាញព័ត៌មានលម្អិត នៅក្នងសន្និសីទកាសែត នារសៀលថ្ងៃនេះ៕