(មូស្គូ)៖ អ្នកវិភាគនយោបាយដ៏ជំនាញមួយរូបរបស់រុស្ស៊ី បានលើកឡើងថា ការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់ មីស៊ីល (THAAD) ដែលកូរ៉េខាងត្បូងបានព្រមព្រៀងទទួលយកពីអាមេរិកនោះ គឺជាកំហុសផ្នែកនយោបាយបាយដ៏ ធ្ងន់ធ្ងរមួយរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០១៦។

អ្នកជំនាញ Oleg Barabanov មកពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរបស់រដ្ឋរុស្ស៊ី (MSIIR) បានប្រាប់ស៊ិនហួរ ដូច្នេះថា «តាមពិតការសម្រេចដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅកូរ៉េខាងត្បូង ជាសកម្មភាព បង្កហេតុដែលបង្កើតឡើងដោយភាគីអាមេរិកទៅវិញទេ។ ជាក់ស្តែងប្រព័ន្ធនេះ មិនបានបន្ថែមផលប្រយោជន៍ណា មួយដើម្បីការពារសន្តិសុខដល់ប្រទេសកូរ៉េខាងត្បូងខ្លួនឯងនោះឡើយ»។

អ្នកជំនាញខាងលើនេះ ក៏បានព្រមានផងដែរថាការដាក់ពង្រាយនេះនឹងបង្កឲ្យស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េ កាន់តែ តានតឹងខ្លាំង ដែលគេចមិនផុតពីការតបតវិញរបស់ប្រទេសកូរ៉េខាងជើងនោះឡើយ។ លទ្ធផលដែលចេញមកពីគំរោង បំពាក់ប្រព័ន្ធ THAAD ជាក់ស្តែងនោះ គឺកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលចំនួនពីរលើក ទៅហើយ ដែលវាត្រូវប្រទេសកូរ៉េខាងត្បូង អាមេរិក និងសូម្បីតែជប៉ុន ក៏មិនអាចទទួលបានដែរ។

លោក Barabanov បានសង្កត់ធ្ងន់ទៀតថា ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងត្បូងទើបតែបានប្រសើរឡើងវិញ នៅប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ បន្ទាប់ពីកើតមានវិបត្តិនៅប្រទេសអ៊ុយក្រែន ប៉ុន្តែបញ្ហាថ្មីៗនេះគឺការគ្រោងដាក់ ពង្រាយប្រព័ន្ធ THAAD នៅប្រទេសកូរ៉េខាងត្បូង ដែលជាអ្នកជិតខាងរុស្ស៊ីដែរនោះ វាកំពុងបង្កឲ្យទំនាក់ទំនងរវាង ប្រទេសទាំងពីរប្រែជាអាក្រក់វិញ។ ហេតុដូច្នេះប្រទេសកូរ៉េខាងត្បូងគួរតែគិតគូឡើងវិញ ប្រកបដោយសកម្មភាព ប្រយ័ត្នប្រយែងជាទីបំផុត៕