(ព្រៃវែង)៖ លោក សួន រស្មី អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា ការធ្វើអធិការកិច្ចរបស់ស្ថាប័នរដ្ឋ គឺដើម្បីពង្រឹងប្រសិទ្ធភាព គុណភាព និងចំណេះដឹងដល់មន្ត្រីថ្នាក់មូលដ្ឋាន ឱ្យបានយល់ដឹងឲ្យកាន់តែច្បាស់ និងស៊ីជម្រៅ ដើម្បីឲ្យការអនុវត្តកិច្ចការងារ ទទួលបានប្រសិទ្ធភាពខ្ពស់ ព្រមទាំងការទទួលខុសត្រូវការងាររបស់ស្ថាប័ន អង្គភាព និងមន្ត្រីរាជការ ដែលអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ការថ្លែងបែបនេះរបស់លោក សួន រស្មី បានធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាល អំពីការងារអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៣នេះ ពិធីនេះមានការចូលរួមលោក អន ភារៈ អភិបាលរងខេត្តព្រៃវែង តំណាងលោក ជា សុមេធី អភិបាលខេត្ត ព្រមទាំងលោក លោកស្រី តាមមន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុងស្រុកទាំង ១៣ នៃខេត្តព្រៃវែង។

លោក សួន រស្មី បានបន្តថា ទន្ទឹមនឹងនេះការធ្វើអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ក្នុងគោលបំណង និងគោលដៅសំខាន់ៗដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យមុខងារសាធារណៈ ដោយជំរុញនិងបង្កើនប្រសិទ្ធភាព គុណភាព និងគុណតម្លៃការងារ ពិសេសការកាត់បន្ថយភាពអសកម្ម និងវិវាទរបស់មន្រ្តីរាជការនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោក ក៏បានលើកឡើងបន្ថែមទៀតថា ចំពោះការធ្វើអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈនេះផងដែរ ក៏មានបញ្ហាប្រឈមមួយចំនួនគឺមន្ត្រីនៅថ្នាក់មូលដ្ឋានមានការយល់ដឹងនៅមានកម្រិតនៅឡើយដូច្នេះទើបក្រសួង និងមន្ទីរបានរៀបបានចំវគ្គបណ្ដុះបណ្ដាលនេះឡើងដើម្បីឲ្យមន្ត្រីធ្វើអធិការកិច្ច និងមន្ត្រីពាក់ព័ន្ធ យល់ដឹងកាន់តែច្បាស់អំពីការធ្វើកិច្ចការងារនេះឲ្យទទួលបានជោគជ័យ និងទៅដោយរលូន។

លោក អន ភារៈ បានថ្លែងផ្ដាំផ្ញើដល់មន្ត្រីមន្ទីរអង្គភាពអាជ្ញាធរទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់ឲ្យបានច្បាស់អំពីការធ្វើអធិការកិច្ចពាក់ព័ន្ធទៅនឹងវិស័យមុខងារសាធារណៈនេះធ្វើយ៉ាងណាដើម្បីធានា ដល់ការអនុវត្ត កិច្ចការងារមួយនេះទទួលបាននៅលទ្ធផលគួរជាទីមោទនៈ៕