(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត បានប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី៤ ខែសីហា នេះថា ក្រោយពីកម្លាំងអាវុធហត្ថខេត្ត ទទួលពាក្យបណ្តឹងពីជនរងគ្រោះ លោកក៏បានបញ្ជាកម្លាំង ទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ដើម្បីការពារសុខ សន្តិសុខ សុវត្ថិភាពរបស់ពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ដែលលោកគ្រប់គ្រង។
លោកមេបញ្ជាការ បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ឡុង ឡេមឡាម អាយុ៣២ឆ្នាំ បានប្រើអំពើហឹង្សាលើ ប្រពន្ធខ្លួន ឈ្មោះចេវ សុខឃេន អាយុ២៧ឆ្នាំ រស់នៅភូមិកោះឈ្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ មិនតែប៉ុណ្ណោះជនសង្ស័យ បានប្រើហឹង្សាទៅលើ កូន និងឪពុកក្មេក យ៉ាងធ្ងន់ធ្ងរផងដែរ ដែលមិនអាចអត់ឱនឲ្យបាន។
លោកមេបញ្ជាការ បន្ដថា ជនសង្ស័យទី២-ឈ្មោះ លឹម បញ្ញា អាយុ២៩ឆ្នាំ បានចូលទៅអុកឡុកក្នុងក្លិបកំសាន្តហ្គោលថោន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ហើយត្រូវបានឃាត់ខ្លួន ដោយយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ យោគ សុភា អាយុ២៩ឆ្នាំ រស់នៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងឈ្មោះម៉ុន សៅឌី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕