(សៀមរាប)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំខ្នារពោធិ ស្រុកសូទ្រនិគម នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ពិធីនេះមានវត្តមានលោក គង់ មុនី អនុប្រធានក្រុមការងារចុះមូលដ្ឋានជួយឃុំខ្នារពោធិ លោកបណ្ឌិត ឈួន ថាវរិន្ទ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំខ្នារពោធិ ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា អនុប្រធានបក្សស្រុកសូទ្រនិគម អភិបាលរងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុសាខាបក្សភូមិ ក្រុមចលនាយុវជនឃុំ អ្នកចូលរួមនៅឃុំខ្នារពោធិ ប្រមាណ៣៥០នាក់។

ក្នុងឱកាសនោះ លោកបណ្ឌិត សឹង សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋនៅក្នុងឃុំខ្នារពោធិ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងសូមថ្លែងការសរសើរ និងអរគុណកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានជួយរក្សាសន្តិសុខ សុវត្ថិភាព ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កន្លងទៅថ្មីៗនេះ។ លោកបណ្ឌិតបានរំឡឹកឡើងថា ការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ តាមលក្ខណៈប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ ដោយមានប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោតប្រមាណ៨៤.៥៩%។

លោកបន្ដថា លទ្ធផល នៃការបោះឆ្នោតនេះ គឺជាសក្ខីភាពបង្ហាញនូវការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីដឹកនាំប្រទេសកម្ពុជាធានារក្សានូវសន្តិភាព និងការអភិវឌ្ឍនានាជាបន្តទៀត។ មួយវិញទៀត លទ្ធផលនៃការបោះឆ្នោតគឺជាការវាយបកទៅលើក្រុមប្រឆាំង ដែលតែងរិះរកមធ្យោបាយបំផ្លិចបំផ្លាញការបោះឆ្នោតតាមរយៈបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមការបោះឆ្នោត ការបំផ្លិចបំផ្លាញសន្លឹកឆ្នោត ធ្វើយ៉ាងណាពួកវាមិនចង់ឲ្យកើតមានការបោះឆ្នោតមួយ ដែលកើតចេញពីសិទ្ធិរបស់ពលរដ្ឋក្នុងការជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧។

លោកបណ្ឌិត សឹង សំណាង បានថ្លែងសរសើរជាថ្មីម្តងទៀត ចំពោះទឹកចិត្តស្មោះស្ម័គ្ររបស់ពលរដ្ឋឃុំខ្នារពោធិ ដែលគាំទ្រយ៉ាងពេញទំហឹងចំពោះ គណបក្សប្រជាជនកម្ពុជា ជាពិសេសបងប្អូនមានការឯកភាពសាមគ្គីភាព ក្នុងសហគមន៍របស់បងប្អូនបានរឹងមាំ និងមានជំនឿជឿជាក់យ៉ាងមុតមាំ ហើយសកម្មភាពនេះជាការវាយបំបាក់ការញុះញង់ សព្វបែបយ៉ាងមកលើគណបក្សប្រជាជនកម្ពុជា៕